បង្ក្រាបសង្វៀនបញ្ជល់មាន់ភ្នាល់ប្រាក់លាន ឃាត់ខ្លួនអ្នកញៀនល្បែង មកអប់រំធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាល ស្រុកសំពៅលូន បានបង្ក្រាបសង្វៀនបញ្ជល់មាន់ ដកហូតបានមាន់ជល់ ២ក្បាល ម៉ូតូ ១២គ្រឿង និងឃាត់ខ្លួនមនុស្ស ១២នាក់ មកអប់រំធ្វើកិច្ចសន្យា ឈប់លេងតទៅទៀត កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចបេងទ្រេត ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានអោយដឹងថា ដោយអនុវត្តន៍លើគោលការណ៍ ភូមិឃុំមានសុវត្ថិភាព និងទប់ស្កាត់ភាពក្រីក្រ របស់ប្រជាពលរដ្ឋ លោកបានចាត់កម្លាំង ឲ្យចុះបង្ក្រាបសង្វៀន ជល់មាន់មួយកន្លែង ដែលដាក់ប្រាក់រាប់លានរៀល និងរាប់ម៉ឺនបាត ដែលអ្នកលេងទាំងនោះ ជាកម្មករនិងជាអ្នកចំការ ក្នុងស្រុកសំពៅលូន យកមកអប់រំនិងធ្វើកិច្ចសន្យា ឈប់លេងតទៅទៀត។
វត្ថុតាងដែលដកហូតបាន រួមមានស៊ុមមាន់ចំនួន២ សត្វមាន់ចំនួន ២ក្បាល ម៉ូតូចំនួន ១២គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១២នាក់។ លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានបញ្ជាក់ថា អ្នកលេងប្រជល់មាន់ចំនួន ១២នាក់ បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចថា ឈប់លេងមាន់ជល់ទៀត និងខិតខំជួយធ្វើការងារ រកលុយជួយទ្រទ្រង់គ្រួសារ ហើយបើមានលើកក្រោយ ទទួលទោសតាមផ្លូវច្បាប់៕ ដោយ សុខជា
Source from: watphnom-news.com