ដឹកអុសចេញពីព្រៃ ជាន់មីនតោនផ្ទុះប៉ើងលើមេឃ ធ្លាក់មកវិញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់គួរឲ្យអាណោចអាធ័ម និងបុរសម្នាក់ទៀតរបួសធ្ងន់ ហើយគោយន្តកន្ត្រៃ បានរងនូវការខូចខាតទាំងស្រុង ដោយសារផ្ទុះមីនតោន ពេលដឹកអុសត្រឡប់ចេញពីព្រៃ ដើម្បីទៅផ្ទះវិញកាលពីវេលាម៉ោង ៩និង១០ នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភ្នំស្រួច ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
លោកព្រំជំនិត នគរបាលបច្ចេកទេស និងកោសលវិច័យ ស្រុករតនៈមណ្ឌល បានអោយដឹងថា បុរសដែលស្លាប់ដោយគ្រាប់មីន មានឈ្មោះ ចែ ទុំ អាយុ ៣៧ឆ្នាំ របួសពោះទឹក ធ្លាយពោះវៀន ក្រពះ និងបាក់ដៃឆ្វេង ហើយបុរសដែលរងរបួសធ្ងន់ មានឈ្មោះ សៀន ពិសិទ្ធ អាយុ ២២ឆ្នាំ របួសស្នងជើងស្តាំ និងកូតពោះទឹក ប៉ើងឡើងលើអាកាស រួចធ្លាក់មកដីវិញ។ទាំង ២នាក់ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ជាមួយគ្នា ហើយគោយន្តបានខូចខាតទាំងស្រុង។
ឈ្មោះ សៀន ពិសិទ្ធ ជាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួននិងសពរងគ្រោះ បានបើកបរគោយន្តតាមផ្លូវ ទៅរកអុសហើយពេលបាន អុសពេញគោយន្ត ក៏បើកត្រឡប់មកតាមផ្លូវដដែលទៅជាន់មីន ផ្ទុះបណ្តាលអោយអ្នកបើកស្លាប់ ហើយខ្លួនជាអ្នជិះក្បែរប៉ើងឡើងលើមេឃ រួចធ្លាក់មកដីតែម្តង។ លោក ព្រំ ជំនិត បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារគោយន្តដឹកអុស ជាន់មីនតោនផ្ទុះ មែនមិនមែនជាករណីឃាតកម្ម អ្វីឡើយ៕
Source from: watphnom-news.com