ឡានដឹកឈើបើកបុកយុវជន ២នាក់ សល់តែដង្ហើមចង្រិត ហើយគេចខ្លួនបាត់ស្រមោល

ខេត្តកំពង់ធំ ៖ យុវជន ២នាក់របួសធ្ងន់ មិនសង្ឃឹមថារស់នោះទេ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរបង្អែកខេត្តកំពង់ធំ បន្ទាប់ពីរថយន្ត ដឹកឈើប្រណីតមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពីត្បូងទៅជើង ហើយរថយន្តម៉ាក តាកូម៉ា មួយគ្រឿង បោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់កន្លែងកើតហេតុ ពុំដឹងជាយ៉ាងម៉េច ក៏ឮស្នូរបុកគ្នាលាន់ដូចរន្ទះ។ នៅពេលនេះពួកគាត់ ក៏បានស្ទុះទៅមើល ឃើញរថយន្តដឹកឈើប្រណីត ប៉ុន្តែមិនដឹងជាឈើស្អីនោះទេ ហើយភ្លាមៗនោះ តៃកុងរថយន្តក៏បាន បញ្ជារថយន្តទៅមុខបាត់។
នៅឯមន្ទីរពេទ្យ ជនរងគ្រោះម្នាក់ ត្រូវបានគេស្គាល់ថាឈ្មោះ ហៀង ម៉េងលី អាយុ ១៩ឆ្នាំ នៅភូមិកើតហេតុខាងលើ។ ចំណែកម្នាក់ទៀត នៅមិនទាន់ស្គាល់ ឈ្មោះទេ ព្រោះក្រុមគ្រួសារមិនទាន់ទៅដល់ ហើយជនរងគ្រោះនៅសន្លប់ឈឹង។ គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើង ដោយរថយន្តដឹកឈើល្មើសច្បាប់ បានសម្លាប់ជីវិតមនុស្ស និងបង្កឲ្យរងរបួសធ្ងន់ស្រាលជាច្រើន នាក់មកហើយ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕
Source from: watphnom-news.com