មន្ត្រីរិះគន់ការតែងតាំងលោក មុំ ចែម ជាប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ក្រុមន្ត្រីរាជការបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំជាច្រើននាក់ បាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឯកឧត្តម ជា សុផារ៉ា ជារដ្ឋមន្ត្រី ចំពោះការតែងតាំងលោក មុំ ចែម ជាមន្ត្រីក្របខ័ណ្ឌថ្នាក់"គ"ឲ្យធ្វើជាប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជំនួសលោក ឈួ សុធា អតីតជាប្រធានមន្ទីរ ដែលត្រូវបានផ្លាស់ឲ្យទៅបម្រើការងារថ្មីនៅនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។
សេចក្តីរាយការណ៍ពីក្រុមមន្ត្រីបានឲ្យដឹងថា ការតែងតាំងលោក មុំ ចែម មន្ត្រីដែលមានឋានន្តរស័ក្តិត្រឹមក្របខ័ណ្ឌថ្នាក់"គ" ឲ្យធ្វើជាប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយមើលរំលងអនុប្រធានមន្ទីរដទៃទៀត ដូចជាលោក សេង ជាសុន និងលោក តាន់ វាសនា ជាមន្ត្រីមានក្របខ័ណ្ឌថ្នាក់"ក"ស្រាប់នោះ គឺមានភាពមិនប្រក្រតី និងមានភាពអយុត្តិធម៌ខ្លាំងណាស់ ដោយសារដំណើរការអាចប្រព្រឹត្តទៅបាន មកពីលោក មុំ ចែម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ។
ប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីផ្លាស់តំណែងចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មកធ្វើជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលជាអនុប្រធានមន្ទីរមានអំណាចលើសលប់ កាន់កាប់គម្រោងថែទាំផ្លូវជនបទ ការងារគម្រោងអង្គការនានា និងការងាររដ្ឋបាលរបស់មន្ទីរនោះ គឺមានជីវភាពហក់ឡើងគួរឲ្យកត់សម្គាល់ រហូតអាចទិញលំនៅឋានមានតម្លៃពី៣ម៉ឺនដុល្លារអាមេរិកទៅ៤ម៉ឺនដុល្លារអាមេរិកនៅខេត្តកំពង់ធំ ខណៈដែលលោកអនុប្រធានមន្ទីររូបនេះមិនសូវបង្ហាញវត្តមាននៅក្នុងមន្ទីរឡើយ គឺភាគច្រើននៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ចាម ធ្វើឲ្យមន្ត្រីដែលត្រូវការហត្ថលេខាពីលោក មុំ ចែម ត្រូវស្ពាយឯកសារតាមស្កាត់ទៅរកសុំហត្ថលេខា (Sic!) ។
ឥឡូវនេះ លោក មុំ ចែម ត្រូវបានតែងតាំងជាប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំហើយៗបើក្រសួងអភិវឌ្ឍន៍ជនបទសម្រេចតែងតាំងឲ្យធ្វើជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំពេញសិទ្ធិតែម្តងនោះ គឺលោក មុំ ចែម អាចនឹងប្រើប្រាស់អំណាចរបៀប "ជិះសេះលែងដៃ" យ៉ាងពេញទំហឹង ៕
Source from: www.dtn7.com