កម្មករ កម្មការិនីរោងចក្រ Wing Star Shoes បន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរ

កម្មករ កម្មការិនីក្នុងចំនួនភាគច្រើនបម្រើការងារនៅក្រុមហ៊ុន Wing Star Shoes មានទីតាំងឋិតនៅភូមិអង្គសុគន្ធ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននាំគ្នាបន្តធ្វើកូដកម្មឈានដល់ថ្ងៃទី២ហើយ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីទាមទារឲ្យថៅកែ(និយោជក)រោងចក្រដោះស្រាយនូវសំណើរបស់កម្មករ កម្មការិនីចំនួន១០ចំណុច ដែលជាផ្នែកនៃលក្ខខណ្ឌការងារល្អប្រសើរ ដូចតទៅ ៖ ១-សុំប្រាក់រង្វាន់ការងារទៀងទាត់ចំនួន១៥ដុល្លារអាមេរិកក្នុង១ខែ, ២-សុំប្រាក់ថ្លៃបាយពេលថ្ងៃត្រង់ចំនួន១៥ដុល្លារអាមេរិកក្នុង១ខែ, ៣-សុំប្រាក់ធ្វើដំណើរចំនួន១៥ដុល្លារអាមេរិកក្នុង១ខែ, ៤-សុំឲ្យមានការថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត, ៥-សុំដកសន្តិសុខប្រុសចេញពីបន្ទប់ទឹកស្រី, ៦-សុំឲ្យក្រុមហ៊ុនអនុវត្តន៍ការឈប់សម្រាកពិសេសចំពោះកម្មករ, ៧-សុំឲ្យប្រធានក្រុមខ្មែរប្រើប្រាស់ពាក្យសម្តីឲ្យសបានសមរម្យមកលើកម្មករ, ៨-សុំកុំឲ្យក្រុមហ៊ុនកាត់ប្រាក់កម្មករដែលមិនបានចូលជាសមាជិកសហជីព, ៩-សុំឲ្យបង្កលក្ខណៈងាយស្រួលចំពោះការសុំច្បាប់ឈប់សម្រាក និង១០-សុំឲ្យក្រុមហ៊ុនរក្សាប្រាក់រង្វាន់ថែមម៉ោងពេលល្ងាច ។
ប្រភពព័ត៌មានពីអ្នកស្និទ្ធនឹងភាគីក្រុមហ៊ុន បានបង្ហើបប្រាប់ឲ្យដឹងថា ខាងក្រុមហ៊ុនមិនមានឆន្ទៈចង់ពិភាក្សាចរចាដោះស្រាយជាមួយកម្មករ កម្មការិនីរោងចក្រទេ គឺអាចនឹងឲ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ឬឈានទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការដោះស្រាយចំពោះសំណើរបស់កម្មករ កម្មការិនី និងករណីដែលកម្មករ កម្មការិនីធ្វើកូដកម្ម ។
សូមរំលឹកជូនថា រោងចក្រ Wing Star Shoes នេះធ្លាប់មានរឿងអាស្រូវរួចមកហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ ដោយមានហេតុការណ៍រលំបាក់អគារ បណ្តាលឲ្យកម្មករ កម្មការិនីទទួលរងការស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ ខណៈដែលលក្ខខណ្ឌការងារនៅក្នុងរោងចក្រនេះមិនមានលក្ខណៈល្អប្រសើរនៅឡើយ ៕
Source from: www.dtn7.com