លោក ជុន លឹមហាន មានបេសកកម្មចុះផ្លូវជាតិលេខ៤ បែរជាប្រើអំណាចដេញចាប់ឡានដឹកឈើ ដល់ស្រុកស្អាង បង្កព្យុះភ្លៀងតាមចិត្ត
រាជធានីភ្នំពេញ៖គេដឹងថាលោកជុនលឹមហានត្រូវបានតែងតាំងជាប្រធាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃរាជធានីភ្នំពេញ ៖ គេដឹងថាលោក ជុន លឹមហាន ត្រូវបានតែងតាំងជា ប្រធាននគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំផ្លូវជាតិលេខ៤ ដែលមានអំណាចបង្កព្យុះភ្លៀង លើទឹកដីខេត្តកំពង់ស្ពឺ មិនដែលខ្វល់ខ្វាយពីបទបញ្ជា របស់ថ្នាក់លើម្តងណាឡើយ ហើយចាប់តាំងពីពេលដែលលោក ជុន លឹមហាន ទទួលបានលិខិតបញ្ជាបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិ ឲ្យចុះទៅប្រចាំការ តាមផ្លូវជាតិលេខ៤ នៅខេត្តកំពង់ស្ពឺ លោក ជុន លឹមហាន បានចាត់ចែងឲ្យមន្ត្រីក្រោមឱវាទ ដាក់ប៉ុស្តិ៍ជជុះចាំរាប់ ក្បាលឡានដឹកទំនិញយកលុយ មិនឲ្យរំលងរថយន្តដឹកទំនិញណាមួយនោះទេ ហើយសូម្បីតែឡានដឹកឈើ ទាំងតូចទាំងធំ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ក៏លោក ជុន លឹមហាន មិនព្រលែងសូម្បីតែមួយករណី គឺចាំរាប់ក្បាលឡាន កៀងគរឲ្យឈ្មួញចូលបង់លុយតាមគ្រប់រូបភាព។
ក្នុងតួនាទីជាប្រធាន នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំផ្លូវជាតិលេខ៤ ដែលមានមូលដ្ឋានធំក្នុងខេត្តកំពង់ស្ពឺ លោក ជុន លឹមហាន បានធ្វើឲ្យគ្រប់ៗគ្នាហួសចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់បានសុំគោលការណ៍ ពីថ្នាក់លើដើម្បីប្រដេញចាប់ ឡានដឹកឈើប្រណីតចំនួន ២គ្រឿង នៅចំណុចទីតាំងស្តុកឈើ សម្រាប់នាំចេញទៅស្រុកយួន ក្នុងភូមិទឹកវិល ឃុំទឹកវិល ខាងលិចវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ករណីនេះ គួរឲ្យអបអរសាទរ ចំពោះការបង្ក្រាបសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែរឿងដែលខុសឆ្គងនោះ គឺលោក ជុន លឹមហាន បានបំពានទៅលើដែនសមត្ថកិច្ចមន្ត្រីដទៃ តាំងខ្លួនជាមេនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បង្កព្យុះភ្លៀងតាមតែអំពើចិត្ត បង្កើតជាទម្លាប់យ៉ាងអាក្រក់ ក្នុងជួរនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលតាមពិតទៅ មិនគួរមានរឿងបែបនេះកើតឡើងទេ។
មន្ត្រីមួយចំនួនដែលធ្លាប់ស្គាល់ជម្រៅបេះដូង របស់លោក ជុន លឹមហាន បានលើកឡើងថា លោក ជុន លឹមហាន គឺជាមន្ត្រីដែលចង់បានមុខចង់បានមាត់ ដើម្បីគាប់គួរជាមួយថ្នាក់លើ ឬមានគំនិតប៉ែងជើងអ្នករួមការងារ។ ជាគោលការណ៍នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មានផ្នែក មានផែនចុះទៅប្រមូលទិន្នន័យ និងបង្ក្រាបបទល្មើស តាមតំបន់នីមួយៗ ដោយមានកំណត់តួនាទីភារកិច្ច និងឈ្មោះមន្ត្រី ក្នុងលិខិតបេសកកម្ម ដែលចេញដោយអគ្គស្នងការនគរបាលជាតិ ហើយប្រសិនបើមន្ត្រីម្នាក់ ដែលថ្នាក់លើចាត់តាំងឲ្យធ្វើការងារ តាមផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ បែរជាមានសិទ្ធិអំណាច ទៅបង្ក្រាបឡានដឹកឈើ នៅតំបន់ដទៃទៀត គឺជារឿងខុសឆ្គងធ្ងន់បំផុត។ ប៉ុន្តែបើនិយាយពីភាសាការទូត គឺលោក ជុន លឹមហាន ចង់បានមុខមាត់ អែបអបថ្នាក់លើ ធ្វើឲ្យមានការជឿទុកចិត្ត ឬជាការបង្ក្រាប ឡានដឹកឈើមួយឬពីរករណីយកបុង ដើម្បីបង្អើលឲ្យក្រុមឈ្មួញដទៃទៀត ចូលបង់លុយជូនគាត់ ទោះជាមិនបានដឹកឈើ ឆ្លងកាត់តាមផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយ។
មន្ត្រីមួយចំនួនបានចំអកថា ផ្លូវជាតិលេខ៤ ស្ថិតក្រោមការគ្រប់គ្រង របស់លោក ជុន លឹមហាន មានការដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ទាំងយប់ទាំងថ្ងៃ មិនមានការបង្ក្រាបទេ គឺទុកគោះយកលុយ ដែលពេលខ្លះមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ជុន លឹមហាន ដើរតួជាសមត្ថកិច្ចផង ជាតុលាការផង ក្នុងការចាប់ឃាត់ឡាន ដឹកឈើយកលុយ ហើយដោះលែងវិញស្ងាត់ៗ ដោយមិនសុំយោបល់ ពីព្រះរាជអាជ្ញា ហើយពេលខ្លះទៀត សឹងថាមិនបានរាយការណ៍ជូនថ្នាក់លើ។ ផ្ទុយទៅវិញ លោក ជុន លឹមហាន ហេតុតែចង់បានមុខមាត់ខ្លាំងពេក បែរជានាំកម្លាំងរបស់ខ្លួន ចុះមកចាប់ឡានដឹកឈើ ដល់ស្រុកស្អាង ខេត្តកណ្តាល តាមផ្លូវជាតិលេខ២១បេ ចម្ងាយជាង ១០០គីឡូម៉ែត្រពីតំបន់ ដែលគាត់ទទួលខុសត្រូវ។
ឃើញថា លោក ជុន លឹមហាន មានស្នាដៃសម្រាប់បង្អួតថ្នាក់លើមែន ប៉ុន្តែគេដឹងថា ឡានដឹកឈើទាំង ២គ្រឿងនេះ លោក ជុន លឹមហាន ទទួលព័ត៌មាន តាំងពីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺមកម្ល៉េះ ហេតុអ្វីមិនបង្ក្រាប បែរជាតាមប្រដេញឡានដឹកឈើទាំងនោះ រហូតដល់ចំណុចដែលត្រូវទម្លាក់ចុះទូក ចេញទៅស្រុកយួន។ សមត្ថកិច្ចនគរបាលខេត្តកណ្តាល មួយរូបដែលបានដឹងឮពីករណីនេះ បានលួចបង្ហើបឲ្យដឹងថា វាជារឿងកាច់កុង ឬជារបៀបមួយដែលលោក ជុន លឹមហាន ចង់បានស្នាដៃបង្អួតថ្នាក់លើ បែរជាប្រព្រឹត្តខុសឆ្គង បំពានទៅលើដែនសមត្ថកិច្ចរបស់ខ្លួន ដែលអគ្គស្នងការនគរបាលជាតិ ចាត់តាំងឲ្យប្រចាំការ នៅតាមផ្លូវជាតិលេខ៤ សោះ បែរជាឆ្វេចឆ្វាច ប្រដេញតាមឡានដឹកឈើ ចូលដល់តំបន់ដទៃ។
ដែលត្រង់ចំណុចនេះ គេយល់ថា បើលោក ជុន លឹមហាន មិនប្រដេញឡានដឹកឈើ ពីខេត្តកំពង់ស្ពឺ រហូតដល់ស្រុកស្អាង ខេត្តកណ្តាល ដើម្បីគោះលុយទេនោះ ទំនងជាគាត់បង្ក្រាបតាំងពី ទទួលបានដំណឹងភ្លាមៗ ហើយរថយន្តកំពុងបើកបរ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឯណោះ។ តួនាទីជាសមត្ថកិច្ច រឿងធំបំផុតនោះ គឺគោរពតាមសេចក្តីណែនាំ និងបទបញ្ជារបស់ថ្នាក់លើ មិនមែនធ្វើអ្វីៗតាមតែអំពើចិត្ត ដូចដែលលោក ជុន លឹមហាន បានប្រព្រឹត្តនោះទេ ព្រោះតែចង់បានស្នាដៃ ឬយកគាប់គួរជាមួយថ្នាក់លើ មិនខុសពីការជាន់ឈ្លី លិខិតបេសកកម្មរបស់ អគ្គស្នងការនគរបាលជាតិ នោះឡើយ។ យ៉ាងណាក៏ដោយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ មន្ត្រីរបស់លោក ជុន លឹមហាន កំពុងសកម្មបំផុត ក្នុងការរាប់ក្បាលឡានដឹកទំនិញ ទាំងបង់ពន្ធគ្រប់ចំនួន ១០០ភាគរយ ក៏ដូចជាការបង់ពន្ធមិនគ្រប់ ឲ្យបង់លុយទៅតាមតែអំពើចិត្ត ដើម្បីប្រមូលលុយ យកបង់ជូនលោក ជុន លឹមហាន ឬជាការបង់ថ្លៃទិញប៉ុស្តិ៍។
បើនិយាយពីសកម្មភាព ដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ដែនគ្រប់គ្រង របស់លោក ជុន លឹមហាន វិញសឹងថាខូងផ្លូវទៅហើយ ប៉ុន្តែទីបំផុត នគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ជុន លឹមហាន បានត្រឹមតែប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមរបៀបពុករលួយ ហើយគេយល់ថា នៅពេលយកគាប់យកគួរ ជាមួយថ្នាក់លើ បានមួយករណីនេះ លោក ជុន លឹមហាន នឹងមានស្នាដៃល្អអាចថា បន្តិចទៀត រត់ការឡើងធ្វើជាប្រធាននាយកដ្ឋាន នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិអំណាច ដើរបង្ក្រាបបទល្មើសនៅទូទាំងប្រទេសដោយខ្លួនឯង មិនចាំបាច់ចែកផែន ឬក្រុមការងារ ចុះតាមខេត្តអីទៀតទេ គឺពេលនោះ លោក ជុន លឹមហាន នឹងមានអំណាច ក្តោបលុយពេញបាតដៃ គ្មាននរណាហ៊ានក្អកជាមួយទេ៕
Source from: watphnom-news.com

Loading...
Loading...