ស្វែងយល់អំពីគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌

មុនការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ធ្លាប់បានបង្កើតឲ្យមានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌មួយចំណុះឲ្យឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ដែលមានសម្តេចនាយករដ្ឋមន្ត្រីធ្វើជាប្រធានផ្ទាល់ ។ ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ពេលនោះ មានឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជាសហប្រធាន និងមានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើជាអនុប្រធាន ព្រមទាំងមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ធរណ៍ធ្វើជាអនុប្រធានផងដែរ ។
ឈានចូលមកដល់រាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់ដដែល(នីតិកាលទី៥នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា) ឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋនិងក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តធម៌ ដែលចំណុះឲ្យឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ត្រូវបានរំសាយចោលវិញហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ។ ជាមួយគ្នានេះ ការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌វិញ។
ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានបង្កើតជាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយ មានបេសកកម្មសិក្សាស្រាវជ្រាវនិងរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងកម្មវិធីសកម្មភាពសម្រាប់ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ស្របតាមគោលនយោបាយនិងចក្ខុវិស័យនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ដោយអនុក្រឹត្យលេខ៤៩១ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ និងបានតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នេះ ដោយអនុក្រឹត្យលេខ១៦អនក្រ.តត ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ដែលមានសមាសភាពដូចខាងក្រោម ៖
១- ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន
២-ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន
៣-លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកា
៤-ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក
៥-ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក
៦-ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក
៧-ឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូល ជាសមាជិក
៨-ឯកឧត្តម ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យាការអមតុលការកំពូល ជាសមាជិក
៩-ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ជាសមាជិក
១០-ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជាសមាជិក
១១- ឯកឧត្តម សុក ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក
១២-ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក
១៣-ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក
១៤-ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសមាជិក
១៥-ឯកឧត្តម យូ ស៊ុនឡុង រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាសមាជិក
១៦-ឯកឧត្តម សម្បត្តិ ហ៊ូណា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ ជាសមាជិក
១៧-ឯកឧត្តម អ៊ិត រ៉ាឌី ប្រធានលេខាធិការដ្ឋាន ជាសមាជិក ។
គេមិនទាន់បានដឹងនិងអាចទស្សន៍ទាយបាននៅឡើយទេថា តើគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុុត្តិធម៌នេះ អាចមានសមត្ថភាពនិងលទ្ធភាពកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដ៏យ៉ាប់យ៉ឺននៅកម្ពុជាឲ្យមានប្រសិទ្ធភាពដែរឬយ៉ាងណា ពីព្រោះអ្វីៗគ្រប់យ៉ាងអាស្រ័យទៅលើឆន្ទៈនយោបាយរបស់បុរសខ្លាំងតែប៉ុណ្ណោះ ៕
Source from: www.dtn7.com
No comments:
Post a Comment