ប្រធានស្ថានីយ៍ប្រេងឥន្ធនៈកំពង់ផែស្វយ័តខេត្តព្រះសីហនុម្នាក់បានក្លាយជាសេដ្ឋីដោយសារលួចប្រេងកំពង់ផែលក់

ប្រភពព័ត៌មានស្និទ្ធនឹងលោកប្រធានស្ថានីយ៍ប្រេងឥន្ធនៈកំពង់ផែស្វយ័តខេត្តព្រះសីហនុ គឺលោក ចាន់ កាំង បានបង្ហើបប្រាប់ឲ្យដឹងថា លោកប្រធានស្ថានីយ៍ប្រេងឥន្ធនៈកំពង់ផែស្វយ័តខេត្តព្រះសីហនុរូបនេះ ធ្វើសកម្មភាពសមគំនិតជាមួយមន្ត្រីពាក់ព័ន្ធលួចប្រេងកំពង់ផែយកទៅលក់នៅទីផ្សារខាងក្រៅអស់រយៈពេលច្រើនឆ្នាំមកហើយៗមកទល់បច្ចុប្បន្ន បានក្លាយជាសេដ្ឋីនៅខេត្តព្រះសីហនុមិនចាញ់សេដ្ឋីផ្សេងៗទៀតឡើយ ។
មន្ត្រីរាជការបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលមានឯកឧត្តម លូ គឹមឈន់ ជាអគ្គនាយកដុះស្លែ បានឲ្យដឹងថា លោក ចាន់ កាំង ដែលជាប្រធានស្ថានីយ៍ប្រេងដុះស្នឹមរបស់កំពង់ផែនោះ បានលួចប្រេងឥន្ធនៈកំពង់ផែក្នុងមួយឆ្នាំៗអស់យ៉ាងតិចប្រមាណ១លានលីត្រ ដែលភាគច្រើនជាប្រេងម៉ាស៊ូត យកទៅលក់នៅទីផ្សារខាងក្រៅ ដោយមានការចូលដៃចូលជើងសមគំនិតជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងកំពង់ផែ ។ លោក ចាន់ កាំង បានប្រើប្រាស់មនុស្សជំនិតរបស់ខ្លួនធ្វើសកម្មភាពបូមប្រេងឥន្ធនៈចេញពីស្ថានីយ៍ប្រេងដឹកតាមរថយន្តស៊ីទែនយកទៅលក់ចែកចាយនៅតាមទីផ្សារក្នុងខេត្តព្រះសីហនុ ដោយប្រើវិធីលួចតាមរយៈកុងទ័រប្រេងនៅពេលចាក់ប្រេងឲ្យយានយន្តរបស់មន្ត្រីរាជការកំពង់ផែ ចាក់គ្រឿងចក្ររបស់កំពង់ផែ និងកប៉ាល់ដែលចូលចតនៅកំពង់ផែ ។
ក្រុមមន្ត្រីរាជការកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ក្រៅពីការធ្វើសកម្មភាពលួចប្រេងឥន្ធនៈកំពង់ផែតាមរយៈការស៊ីកិបកេងកុងទ័រយកទៅលក់នៅទីផ្សារខាងក្រៅអស់ជាច្រើនឆ្នាំនោះ គឺលោក ចាន់ កាំង បានសមគំនិតជាមួយមន្ត្រីពាក់ព័ន្ធរបស់កំពង់ផែជាគូកន ធ្វើការបំប៉ោងចំនួននៃការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងកំពង់ផែដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបានលេសបញ្ជាទិញប្រេងឥន្ធនៈចូល សម្រាប់ប្រើប្រាស់ក្នុងកំពង់ផែទាំងមូលលើសពីចំនួនត្រូវការជាក់ស្តែង ។ មានពេលខ្លះលោក ចាន់ កាំង បានបញ្ជាឲ្យរថយន្តស៊ីទែនដឹកប្រេងចេញពីក្រុមហ៊ុនប្រេងឥន្ធនៈផ្គត់ផ្គង់ឲ្យកំពង់ផែឆ្ពោះទៅកាន់ទីផ្សារ ដោយមិនចាំបាច់ដឹកយកមកស្តុកទុកនៅស្ថានីយ៍ប្រេងរបស់កំពង់ផែទៀតផង ។
មន្ត្រីរាជការបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងដែរថា អង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងមួយឆ្នាំៗ បានបញ្ជាទិញប្រេងឥន្ធនៈចូលសម្រាប់បម្រើឲ្យតម្រូវការរបស់កំពង់ផែ និងផ្គត់ផ្គង់កប៉ាល់ នាវានានាចំនួនជាង១០លានលីត្រ ដែលក្នុងនោះជិត៨០ភាគរយជាប្រេងម៉ាស៊ូត ។
ដោយមានការសមគំនិតគ្នាជាប្រព័ន្ធជាមួយបក្ខពួកក្នុងការធ្វើសកម្មភាពលួចប្រេងឥន្ធនៈរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុយកទៅលក់តាមអំពើចិត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺលោក ចាន់ កាំង បានក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល មានដីធ្លីតម្លៃខ្ទង់លានដុល្លារអាមេរិក និងមានសណ្ឋាគារលំដាប់ផ្កាយឈ្មោះឆ្នេរជលសា នៅកណ្តាលក្រុងព្រះសីហនុ ។
មជ្ឈដ្ឋាននានាបានសម្តែងនូវការចាប់អារម្មណ៍ថា សកម្មភាពលួចប្រេងឥន្ធនៈកំពង់ផែស្វយ័តខេត្តព្រះសីហនុយកទៅលក់អស់រយៈពេលជាច្រើនឆ្នាំរបស់លោក ចាន់ កាំង នោះ តើឯកឧត្តម លូ គឹមឈន់ ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុបានដឹងដែរឬទេ ឬក៏បើកដៃបិទភ្នែកឲ្យលោក ចាន់ កាំង ប្រព្រឹត្តដូច្នេះ ដើម្បីបានផលប្រយោជន៍រួមគ្នា ?
ជុំវិញការចោទប្រកាន់របស់មន្ត្រីរាជការបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ មកលើលោក ចាន់ កាំង ប្រធានស្ថានីយ៍ប្រេងឥន្ធនៈកំពង់ផែខេត្តព្រះសីហនុនោះ គេហទំព័រសារព័ត៌មានដើមត្នោត មិនអាចសុំការបំភ្លឺបញ្ជាក់ពីលោក ចាន់ កាំង បាននៅឡើយទេ ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤នេះ ពីព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕
Source from: www.dtn7.com