គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម របស់ឯកឧត្តម អ៊ិត សំហេង គួរហៅថា គណៈកម្មការបង្ក្រាបកូដកម្ម បាតុកម្មវិញ

រឿងរ៉ាវទាក់ទងនឹងការបង្កើតគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា សរសេរកាត់ថា "គ.ក.ប" គឺកើតមានតាំងពីសម័យឯកឧត្តម អ៊ិត សំហេង នៅធ្វើជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមកម្ល៉េះ ហើយឯកឧត្តម អ៊ិត សំហេង ជាប្រធានតែម្តង ខណៈដែលរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រឹមធ្វើជាអនុប្រធានគណៈកម្មការនេះប៉ុណ្ណោះ ។
លុះឈានចូលមកដល់ការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដដែល និងឯកឧត្តម អ៊ិត សំហេង ត្រូវបានផ្លាស់ប្តូរ និងតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ តាមព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣នោះ សមាសភាពរបស់ គ.ក.ប ត្រូវបានកែសម្រួលស្ទើរទាំងស្រុង ដោយអនុក្រឹត្យលេខ៤៨៩អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ពោលគឺតម្រូវឲ្យឯកឧត្តម អ៊ិត សំហេង ធ្វើជាប្រធានគណៈកម្មការនេះតែម្តង ។
ជាបន្តមកទៀត ដោយយោងតាមអនុក្រឹត្យលេខ៤៨៩អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្តីពីការកែសម្រួល គ.ក.ប នោះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤៥សសរ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ តែងតាំងសមាសភាព គ.ក.ប ចំនួន៤៩នាក់ (ចំពោះនៅរាជធានីភ្នំពេញ) និងមានចំនួន៥០នាក់(ចំពោះនៅតាមបណ្តាខេត្ត ដោយបញ្ចូលបន្ថែមអភិបាលនៃគណៈអភិបាលខេត្តជាសមាជិក) ។
ចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងការតែងតាំងសមាសភាព គ.ក.ប គឺក្រៅពីឯកឧត្តម អ៊ិត សំហេង តាមធ្វើជាប្រធាន គ.ក.ប ដល់ទីបញ្ចប់ នៅមានមេបបញ្ជាការកងទ័ព មេបញ្ជាការកងរាជអាវុធហត្ថ មេប៉ូលិស និងមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បូករួមទាំងមេសហជីពដង្ហែរាជរដ្ឋាភិបាលផង ត្រូវបានតែងតាំងឲ្យធ្វើជាអនុប្រធាន និងសមាជិក គ.ក.ប ជាអាទិ៍ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងត្រូវជាកូនប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាអនុប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រី និងជានាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាអនុប្រធាន, ឯកឧត្តម ជួន មុំថុល ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានសហព័ន្ធសហជីពខ្មែរ ជាសមាជិក គ.ក.ប…។ល។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានវិស័យការងារនៅកម្ពុជា បានលើកឡើងថា តាមការកត់សម្គាល់នាពេលកន្លងមក គ.ក.ប មិនបានដោះស្រាយរាល់រឿងរ៉ាវមុនពេលកូដកម្ម បាតុកម្មរបស់កម្មករកើតឡើងនោះទេ គឺតែងតែចុះដោះស្រាយតាមរបៀបបង្ក្រាបទៅលើបាតុករដែលធ្វើបាតុកម្មទាមទារបញ្ហាផ្សេងៗទៅវិញ ។ ដូច្នេះ យោងតាមសមាសភាពរបស់ គ.ក.ប រួមនឹងទម្លាប់ធ្វើការងាររបស់ គ.ក.ប ផងនោះ គឺគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់ឯកឧត្តម អ៊ិត សំហេង គួរហៅថាជាគណៈកម្មការសម្រាប់បង្ក្រាបកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និងគ្រប់ពេលវេលាវិញទើបស័ក្តិសមជាង ៕
Source from: www.dtn7.com