រើសអេតចាយបានព្រឹកខ្វះល្ងាច ស្លាប់ចោលប្រពន្ធកូន ដោយសារគ្មានលុយព្យបាលជម្ងឺ

រាជធានីភ្នំពេញ ៖ បុរសអ្នករើសអេតចាយម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅច្រកចូលស្ដាតអូឡាំពិក ផ្នែកខាងត្បូងទល់មុខវត្ដមហាមន្ដ្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ខណៈដែលបុរសជនរងគ្រោះ មានរាងកាយស្គមស្គាំង និងមានជំងឺប្រចាំកាយ យូរឆ្នាំមកហើយ គ្មានលុយព្យាបាលជម្ងឺ។
ស្ដ្រីឈ្មោះ ណុប ស៊ីនួន អាយុ ៣០ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅស្រុកស្អាង ខេត្ដកណ្ដាល ជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្ដីរបស់គាត់ដែលស្លាប់មានឈ្មោះ ជាតិ សុខលក្ខណ៍ អាយុ ៣២ឆ្នាំ បានចាកចេញពីស្រុកកំណើត មកដើររើសអេតចាយជាមួយគ្នា ហើយប្ដីរបស់គាត់មាន ជំងឺសួត គ្មានលុយទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ ទើបធ្វើឱ្យជំងឺនេះរ៉ាំរ៉ៃទៅៗ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ គាត់ឈឺដង្ហក់យ៉ាងខ្លាំង។
ពួកគេគ្មានទីជម្រកច្បាស់លាស់ទេ បាននាំគ្នាចូលជ្រក នៅច្រកចូលស្ដាតអូឡាំពិក ហើយស្ត្រីជាប្រពន្ធ បានព្យាយាមគក់ច្របាច់ រហូតដល់ស្លាប់ បាត់បង់ជីវិតតែម្ដង ។ស្ត្រីជាប្រពន្ធ ត្រូវបន្តដើររើសអេតចាយ រកលុយចិញ្ចឹមកូន ២នាក់ យ៉ាងកម្សត់ ព្រោះគ្រួសារគាត់ គ្មានទីលំនៅ បានត្រឹមតែដើររើសអេតចាយ បានលុយទិញអង្ករច្រកឆ្នាំង បានព្រឹកខ្វះល្ងាច សូម្បីតែសពបុរសជាប្តី ក៏គ្មានលុយធ្វើបុណ្យផង តែបានសប្បុរសជន ជួយលុយកាក់បន្តិចបន្តួច៕
Source from: watphnom-news.com