តៃកុងងោកមួយភាំងក្រឡាប់ធ្លាក់ផ្លូវ កៀបស្លាប់ ២នាក់ឪក្មេក-កូនប្រសារ និងរបួស ៣នាក់

ខេត្តរតនគិរី ៖ រថយន្តម៉ាកកាម៉ារីគូទស្វិត ពណ៌កណ្តុរប្រមេះ ចម្រុះពណ៌ក្រហម អត់មានពាក់ស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៧៦A ជាផ្លូវខេត្តមណ្ឌលគិរី តភ្ជាប់មកខេត្តរតនគិរី តែចៃដន្យក្នុងពេលធ្វើដំណើរ តៃកុងរថយន្តបានងោកមួយភាំង បណ្តាលឲ្យរថយន្តរេចង្កូត ធ្លាក់ពីចិញ្ចឹមផ្លូវក្រឡាប់ ២-៣ ត្រឡប់ នាំឲ្យអ្នករួមដំណើរស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ ៣នាក់ កាលពីវេលាម៉ោង ១៣និង១៥ នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិថ្មី ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
តាមប្រភពពត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើ គេឃើញរថយន្តម៉ាកកាម៉ារីគូទស្វិតកែច្នៃ បើកបរក្នុងទិសដៅពីត្បូងទៅជើង ឆ្ពោះទៅខេត្តរតនគិរី ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែតៃកុងរថយន្តងោកមួយភាំង បណ្តាលអោយធ្លាក់ចិញ្ចើមផ្លូវ ហើយក្រឡាប់ ២-៣ ត្រឡប់ ដូចក្នុងភាពយន្ត បណ្តាលអោយអ្នករួមដំណើរ ក្នុងរថយន្តស្លាប់ និងរបួសធ្ងន់ យ៉ាងអាណោចអាធ័មបំផុត។ អ្នករួមដំណើរដែលស្លាប់ចំនួន ២នាក់ រួមមាន ឈ្មោះ វ៉ា ស៊ីតក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហ៊ឹម រ៉ា ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២ជាឪពុកក្មេក និងកូនប្រសារ រស់នៅតាមផ្លូវលំភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី ចំណែកឪពុកក្មេកឈ្មោះ ហ៊ីម រ៉ា ជាប្រជាការពារនៅភូមិថ្មី។
ចំណែកអ្នករងរបួស រួមមានឈ្មោះ កួយ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅខេត្តកំពង់ចាម បានរងរបួសធ្ងន់ ឈ្មោះ ខាំ ថាក់ឌីណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើត នៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រងរបួសធ្ងន់ និងឈ្មោះ មុំ សុធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រែក ខេត្តស្ទឹងត្រែង រងរបួសធ្ងន់ ជាតៃកុងរថយន្តដែលក្រឡាប់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានភូមិលំផាត់ ឃុំជ័យឧត្តម បានចុះទៅវាស់វែង ត្រួតពិនិត្យសពជនរងគ្រោះ រួចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី រីឯជនរងគ្រោះដែលរបួសធ្ងន់ត្រូវរថយន្តដឹកសង្គ្រោះ បញ្ជូនជាបន្ទាន់មកកាន់ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ ដោយ បានលុង
Source from: watphnom-news.com