ស្រវឹងបើកម៉ូតូបុករះអ្នកភូមិ ដែលកំពុងឈរមើលគេរាំវង់ ស្លាប់នារីម្នាក់ របួសធ្ងន់ ៤នាក់

ខេត្តកំពង់ឆ្នាំង ៖ នារីម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី ៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារអ្នកស្រវឹងបើកម៉ូតូ អត់ភ្លើងចង្កៀងមុខ បើកបុករះជនរងគ្រោះ ដែលកំពុងឈរលើចិញ្ចើមផ្លូវ មើលគេរាំវង់ក្នុងពិធីបង្កក់កូន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ នៅលើផ្លូវកៅស៊ូលេខ១៥៣A ក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរួមមានទី១.ឈ្មោះ សួរ សារ៉ែន ភេទស្រី អាយុ ២២ឆ្នាំ បានស្លាប់ ទី២. ឈ្មោះ សួរ ចិន្តា ភេទស្រី អាយុ ២៥ឆ្នាំ រងរបួសធ្ងន់ ទី៣. ឈ្មោះ ឃន សុខុម ភេទប្រុស រងរបួសស្រាល ពួកគេទាំង ៣នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ទី៤. ឈ្មោះ ប៊ិន សុភាព ភេទប្រុស អាយុ ១៩ឆ្នាំ ជាអ្នកបើកម៉ូតូបង្កហេតុ រងរបួសស្រាល និង៥. ឈ្មោះ នី គឹមសួរ ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកជិះពីក្រោយរបួសស្រាល ពួកគេទាំង ២នាក់ រស់នៅភូមិកំពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ប៊ិត សុភាព បានបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ៩៩ ពណ៌ក្រហម ពាក់ស្លាកលេខ ក៥៩៦៩ កឆ១ បើកបរក្នុងស្ថានភាពស្រវឹង ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង បុកចំដៃឈ្មោះ ឃន សុខុម បន្ទាប់មកក៏ជ្រុលទៅបុក នារី ២នាក់បងប្អូន ដែលកំពុងឈរលើចិញ្ចើមថ្នល់ មើលគេរាំវង់ បណ្តាលឲ្យរងរបួសធ្ងន់ទាំង ២នាក់ ចំណែកអ្នកជិះ ខាងក្រោយម៉ូតូបង្ក ក៏រងរបួសផងដែរ៕
Source from: watphnom-news.com