សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤

ទីចាត់ការគេហទំព័រសារព័ត៌មានដើមត្នោត (WWW.DTN7.COM) សូមប្រសិទ្ធិ៍ពរជ័យបវរមហាប្រសើរ ថ្វាយ និងជូនចំពោះថ្នាក់ដឹកនាំស្ថាប័នជាតិទាំងអស់ សូមមានព្រះបញ្ញាញាណថ្មី ប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបានដឹកនាំកម្ពុជាឲ្យឈានឆ្ពោះទៅរកនីតិរដ្ឋ សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍រីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ។
សូមជូនពរអស់លោកអ្នកអានទាំងអស់ដែលបានគាំទ្រទាំងស្មារតី ទាំងសម្ភារៈនៃការផ្សព្វផ្សាយគេហទំព័រសារព័ត៌មានដើមត្នោត សូមឲ្យបារមីនៃទេវតាឆ្នាំថ្មី ឆ្នាំមមី ឆស័ក ជួយបីបាច់ថែរក្សាអស់លោកបានជួបប្រទះតែនឹងសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ និងបានប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមទេវតាឆ្នាំថ្មី ជួយអភិបាល គ្រប់គ្រងរក្សា និងប្រសិទ្ធិ៍ពរជ័យ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យមានសមានចិត្តជាកុសល យោគយល់គ្នា សន្តោសប្រណីគ្នា សាមគ្គី រួមសុខ រួមទុក្ខ ជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរតរៀងទៅ ។
ក្រាបបង្គំទូលថ្វាយ និង គោរពជូនពរពី នាយកគ្រប់គ្រង និងសហការីគេហទំព័រសារព័ត៌មានដើមត្នោតទាំងអស់
Source from: www.dtn7.com