មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤

សុភមស្តុ ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនា អតិកន្តា កន្លងទៅហើយ បាន២៥៥៧ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំមមី ឆស័ក តទៅចូលពុទ្ធសករាជ២៥៥៨ ។
នឹងគណនាឆ្នាំមមីឥឡូវនេះ សង្ក្រាន្តចូលមកដល់នៅថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៤ វេលាម៉ោង០៨និង០៧នាទីព្រឹក ។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លំអនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ស អភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារ ទ្រង់សោយតេលំ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់លើខ្នងព្យាគ្ឃៈ (ខ្លា) ជាពាហនៈ រួចនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មាលីនាទីភ្នំកៃលាស ខេត្តហិមពា្តជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង) ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអានោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តក្នុងព្រះរាជហប្ញទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកដល់នេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៤ វេលាម៉ោង០៨និង០៧ព្រឹក ជាថ្ងៃចូលឆ្នាំមមី ឆស័ក (ថ្ងៃមហាសង្ក្រាន្ត) ។
ថ្ងៃអង្គារ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៤ ជាវារៈវ័នបត ។
ថ្ងៃពុធ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស២០១៤ នៅវេលាម៉ោង១២និង០៩នាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកលឆ្នាំមមី ឆស័ក ចុល្លសករាជ១៣៧៦ និងមហាសករាជ១៩៣៦តទៅ ។
នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុស ស្រីផងទាំងឡាយរៀបចំពលីការគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ៍ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំកួន ព្យាបាទ ឈ្នានីសដែលមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីល៥ឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្តាប់ទទួលទេវតា ៖
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការៈបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់១គូ បាយសី៧ថ្នាក់១គូ បាយសី៥ថ្នាក់១គូ បាយសី៣ថ្នាក់១គូ បាយសីប៉ាឆាម១គូ ស្លាធម៌១គូ ទឹកអប់១គូ (ទៀន៥ ធូប៥) លាជ៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ រៀបចំដាក់លើជើងពាន១១គូ ដូងឡៅ១គូ ទឹកស្អាត២កែវ ។ នៅក្នុងឆ្នាំថ្មីនេះ គួររកប្រេងដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរឮក លុះចប់ពិធីទទួលទេវតា ។
ទំនាយប្រចាំឆ្នាំ ៖
កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះភពសៅរ៍ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ៥បង្អុរទឹកភ្លៀងចំនួន៤០០មេ ដែលចែកចេញជា ៖ -ចក្រវាឡ១៦០មេ -ព្រះហិមពាន្ត១២០មេ -មហាសមុទ្រ៨០មេ និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ បណ្តាលឲ្យមានទឹកភ្លៀងដើមឆ្នាំល្អ កណ្តាលល្អ ចុងឆ្នាំភ្លៀងតិច ។
កេណ្ឌធារាទិគុណ ៖ ឆ្នាំនេះមានកេណ្ឌ(០) ត្រូវត្រង់អាបោធាតុចុះ ទំនាយថា ធាតុអាកាសត្រជាក់ ។
កេណ្ឌទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានកេណ្ឌ១៦ លើ១៦ មានសំណល់សូន្យ ទំនាយថា ទឹកទន្លេមានច្រើនលើសអស់ឆ្នាំទាំងពួង ទឹកធំណាស់ ។
កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ២ មានឈ្មោះថា វិបត្ត ស្រូវ សំណាប ស្រែចម្ការនឹងកើតកិមិជាតិ(ដង្កូវ ក្រា ដង្កូវនាង មេអំបៅ សត្វល្អិត) ស៊ីបំផ្លាញផល្លានុផល ផលដំណាំបានតែពាក់កណ្តាល ខូចខាតអស់ពាក់កណ្តាល ។ ស្រុកទេសនឹងកើតកលយុគ និរាសប្រាសចាកចោលគ្នាច្រើនលើកច្រើនសា ។
ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស(០) ទំនាយថា ស្រែដីទំនាបបានផលល្អ ចំណែកឯស្រែដីទួលមានផលល្មមសមគួរ ។
កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំ១ ត្រូវត្រង់ដើមឫស្សី ជាស្តេច មានសេចក្តីទំនាយថា មនុស្សផងទាំងឡាយមានរោគាព្យាធិ មានជំងឺដង្កាត់ស្លាប់បាត់បង់ជីវិតច្រើនជាអនេក ។
កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះរាជសីហ៍ ទំនាយថា ឆ្នាំនេះស្រូវល្អ មានតម្លៃថោក នៅក្នុងថ្ងៃមហាសង្ក្រាន្តនោះ នឹងមានមនុស្សសម្លាប់គ្នា មានសឹកសង្គ្រាមនៅស្រុក នាមកណ្តុរ និងនាមដំរី ។
ទំនាយតាមថ្ងៃសង្ក្រាន្ត ៖
ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំដែលជាថ្ងៃទី១ ត្រូវនឹងថ្ងៃចន្ទ ទំនាយថា ឆ្នាំនេះនឹងចាញ់ឯសេនាបតី ជំទាវខុណ្ណាងទាំងឡាយ (ចាញ់មានន័យថាអន់ ខូចបុណ្យស័ក្តិ អន់រាសី មានវិបត្តិ) មានភ្លៀងច្រើននៅដើមឆ្នាំ ស្រូវអង្ករល្អណាស់ តែមនុស្សជួបផលវិបាកឲ្យក្រែងប្រយ័ត្នក្សត្រ និងមន្ត្រីជំទាវធ្វើអាក្រក់ ធ្វើបាបនឹងកើតការតស៊ូ រើបម្រះ មនុស្សទូទៅនឹងកើតជំងឺដង្កាត់ច្រើន ។
ទំនាយថ្ងៃវ័នបត ៖ ថ្ងៃកណ្តាល ត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះស្លា ម្លូ ត្រី សាច់ មានតម្លៃខ្ពស់ អាមាត្យ មន្ត្រីនឹងខូចបុណ្យស័ក្តិ ឬត្រូវក្តៅក្រហាយចិត្តជាច្រើន ។
ទំនាយថ្ងៃឡើងស័ក្តិ ៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនេះរាជបណ្ឌិត្យបុរោហិត អាចារ្យ ហោរាចារ្យនឹងមានសេចក្តីសុខសាន្ត សម្រាន្តជាអនេក ប៉ុន្តែនឹងមានដង្កូវ ក្រាស៊ីសូវបំផ្លាញដំណាំ ៕
(រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ ជំនួយការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា)
Source from: www.dtn7.com