ករណីឡានទំនើប ខ.ម បំពាក់ស៊ឺរ៉ែនដឹកឈើគ្រញូង មានគេចង់ដោះស្រាយក្រៅរង្វង់ច្បាប់

ខេត្តសៀមរាប ៖ រថយន្ដស៊េរីទំនើបម៉ាក ធុនរ៉ា ពាក់ស្លាកលេខ ខ.ម មានបំពាក់ស៊ឺរ៉ែនមួយគ្រឿង បានលួចបង្កប់ឈើគ្រញូង ខាងក្រោមបាតរថយន្ដ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្ដែត្រូវបានកម្លាំងចម្រុះ ដែលដឹកនាំដោយលោក សំរិទ្ធ សុខុនព្រះរាជាអាជ្ញារង អមសាលាដំបូងខេត្ត ធ្វើការស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅម្ដុំក្បែរប្រាសាទអង្គរតូច ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ពីដំបូងឡើយសមត្ថកិច្ច មានការសង្ស័យថា រថយន្ដមានផ្ទុកឈើគ្រញូង ក៏បានសហការជាមួយ កម្លាំងនគរបាល និងមន្ត្រីបរិស្ថាន ធ្វើការស្ទាក់ចាប់បាន រថយន្ដធុនរ៉ា ពាក់ស្លាកលេខ ខ.ម បំពាក់ស៊ីរ៉ែនមួយគ្រឿង បង្កប់ឈើគ្រញូង នៅខាងក្រោមបាត ព្រមទាំងអ្នកជិះក្នុងរថយន្ដចំនួន ៤នាក់ផងដែរ ត្រូវបានឃុំខ្លួន នៅក្នុងអធិការដ្ឋាន ក្រុងសៀមរាប បណ្ដោះអាសន្នសិន ដើម្បីរៀបចំសំណុំរឿង បញ្ជូនមកតុលាការ ចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបង្ហើបថា ឈើគ្រញូងទាំងអស់ មានចំនួន ៣៦៦គីឡូក្រាម បង្កប់ក្នុងស្នូករថយន្ដ ហើយបើសិនជាអ្នកមើលធម្មតា ពិតជាមិនអាចមើលឃើញឡើយ។ មនុស្សចំនួន ៤នាក់ត្រូវបានចាប់ខ្លួនហើយ ប៉ុន្ដែម្ចាស់រថយន្ដ មានឈ្មោះ រ៉េត សុផល បម្រើការងារ នៅកងពលអន្ដរាគមន៍លេខ២ បានបន្សល់ទុក ឯកសារមួយចំនួន នៅក្នុងរថយន្ដរបស់ខ្លួន។ ករណីនេះប្រភពបានទម្លាយថា កំពុងមានអ្នករត់ការ ចង់ដោះស្រាយ ឲ្យនៅក្រៅផ្លូវច្បាប់ ប៉ុន្ដែអ្នកតាមដានរឿងនេះ កំពុងស៊ើបអង្កេតរកការពិត ដើម្បីរួមចំណែក ក្នុងការអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ ឲ្យមានប្រសិទ្ធភាព៕
Source from: watphnom-news.com
No comments:
Post a Comment