ល្បែងកន្ទុយលេខក្នុងស្រុកស្អាង បើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចប៉ូលិសមិនបង្ក្រាប

ខេត្តកណ្តាល ៖ ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងស្រុកស្អាង ខេត្តកណ្តាល មានល្បែងស៊ីសងកន្ទុយលេខ ខុសច្បាប់បើកលេង យ៉ាងអនាធិបតេយ្យបំផុត តែសមត្ថកិច្ចប៉ូលិស និងអាជ្ញាធរមិនមានចំណាត់ការបង្ក្រាបនោះទេ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងស្រុកស្អាង មានការព្រួយបារម្ភជាខ្លាំង ចំពោះភូមិ-ឃុំ គ្មានសុវត្ថិភាព ដោយសារតែ អំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ចោរគាស់ផ្ទះ យកទ្រព្យសម្បត្តិ កើតមានជាហូហែរ ព្រោះតែភាពធូរលុង របស់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិស ដែលបានបើកដៃ ឲ្យក្រុមញៀនល្បែងកន្ទុយលេខ បើកលេងយ៉ាងអនាធិបតេយ្យ គ្មានញញើតចំពោះ អាជ្ញាធរ ឬសមត្ថកិច្ច ណាម្នាក់ឡើយ។
ជាញឹកញាប់ ក្រុមញៀនល្បែងកន្ទុយលេខធំៗ បានដើរអួតអាងថា ពួកគេមិនខ្វល់ខ្វាយពី សមត្ថកិច្ចប៉ូលិសឬអាជ្ញាធរ បង្ក្រាបនោះទេ ពីព្រោះពួកគេបានបង់លុយ ឲ្យអាជ្ញាធរនិងសមត្ថកិច្ចប៉ូលិស ប្រចាំខែអស់ហើយ ជាពិសេសគឺលោកអធិការ ប៉ូលិសស្រុកស្អាង នេះតែម្តង។ពាក់ព័ន្ធករណីបើកល្បែងកន្ទុយលេខ និងធ្វើចរាចរគ្រឿងញៀន ជារៀងរាល់ថ្ងៃ គួរឲ្យព្រួយបារម្ភនោះ គឺមាននៅក្នុងឃុំស្វាយរលំ ឃុំសិត្បូ ឃុំរកាខ្ពស់ ឃុំព្រែកគយ ឃុំស្អាងភ្នំ ឃុំស្វាយប្រទាល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានឈ្មោះចែខ្មៅ ចែថៃ ស្រីញឹប ប្រពន្ធតាម៉ាប់ យាយតាំង លោកធី ហៅតាខ្មៅ ចែមុំ តាច្រិក ចែថា តាសំបូរ តាឈន សុទ្ធសឹងតែមេកន្ទុយលេខធំៗដុះស្លែ ប្រចាំនៅក្នុងស្រុកស្អាង មិនដែលមាន សមត្ថកិច្ចប៉ូលិស ឬអាជ្ញាធរហ៊ានចេញមុខ ទៅធ្វើការបង្ក្រាបម្តងណាឡើយ។
បើតាមប្រភពព័ត៌មាន ពីមន្ត្រីតូចតាចបានឲ្យដឹងថា នៅពេលដែលមន្ត្រីតូចតាច សួរនាំម្តងៗក្រុមញៀនល្បែង កន្ទុយលេខធំៗដុះស្លែ ខុសច្បាប់ទាំងនោះ តែងតែឆ្លើយតបមកវិញថា បានត្រូវរ៉ូវនិងបានបង់លុយ ឲ្យលោកអធិការប៉ូលិស និងអាជ្ញាធរ ប្រចាំខែអស់ហើយ បើចង់ដឹងទៅសួរមេកើយ របស់លោកទៅ គឺដឹងហើយ។ ភាពធូរលុងរបស់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសស្រុកស្អាង ក្នុងការបើកឲ្យមានល្បែងស៊ីសង កន្ទុយលេខខុសច្បាប់ យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ភ័យខ្លាចចំពោះ អំពើហិង្សាក្នុងគ្រួសារ និងចោរ លួចចោរប្លន់ ចោរគាស់ផ្ទះ ជារៀងរាល់ថ្ងៃនោះ គឺវាផ្ទុយពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង ៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល។
គួររំលឹកផងដែរថា សព្វថ្ងៃនេះនៅទូទាំងស្រុកស្អាង ហាក់បីដូចជាកំពុងតែ កើនឡើងយ៉ាងខ្លាំង ចំពោះករណី ចោរលួច ចោរប្លន់ ជាពិសេស ចរាចរគ្រឿងញៀន និងក្មេងទំនើង តាមភូមិ-ឃុំ បង្កឲ្យប្រជាពលរដ្ឋស្លូតត្រង់ មានការភ័យខ្លាច ដោយសារតែអាជ្ញាធរ និងសមត្ថកិច្ចប៉ូលិស មិនបង្ក្រាប រវល់តែដើរយកលុយ ពីបទល្មើសទៅវិញ។ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល មេត្តាពិនិត្យមើល ភាពអសកម្មរបស់មន្ត្រីប៉ូលិសស្រុកស្អាង ដែលបណ្តែតបណ្តោយឲ្យកើតមាន នូវល្បែងកន្ទុយលេខខុសច្បាប់ និងចរាចរគ្រឿងញៀន យ៉ាងពេញបន្ទុក ដោយសារសមត្ថកិច្ចប៉ូលិស មិនយកចិត្តទុកដាក់បង្ក្រាប៕
Source from: watphnom-news.com