លោក ថេង ម៉ុងហួន និងលោក លាង អ៊ួក ឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ បង្កព្យុះភ្លៀងតាមតែអំពើចិត្ត

ខេត្តកោះកុង ៖ សកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធ មកពីស្រុកសៀម ក៏ដូចជាទំនិញខុសច្បាប់គ្រប់ប្រភេទ ចូលតាមច្រកអន្តរជាតិចាំយាម នៃខេត្តកោះកុង កំពុងកើតមានយ៉ាងអនាធិបតេយ្យ មិនសូវមានការបង្ក្រាប និងទប់ស្កាត់ ពីមន្ត្រីជំនាញគយនោះទេ ព្រោះគេដឹងថា ក្រុមឈ្មួញរកស៊ី នាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ សុទ្ធសឹងជាខ្សែស្រឡាយរបស់លោក ថេង ម៉ុងហួន ជាប្រធានការិយាល័យគយ ប្រចាំច្រកអន្តរជាតិចាំយាម និងដោយមានលោក លាង អ៊ួក ដែលជាអនុប្រធាន ជាអ្នកជួយសម្របសម្រួលផងដែរ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ។
សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តយីឌុប ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ ឬប្រភេទទំនិញខុសច្បាប់ យ៉ាងតិច ២០ទៅ៣០ គ្រឿង មកពីស្រុកសៀម ចូលតាមច្រកអន្តរជាតិចាំយាម ឆ្លងកាត់ទឹកដីខេត្តកោះកុង ឡើងមករាជធានីភ្នំពេញយ៉ាងសុខស្រួលបំផុត ហើយឈ្មួញ ៤ទៅ៥នាក់ ដែលសុទ្ធសឹងតែ ជាអ្នកមានជំនាញរកស៊ី នាំចូលទំនិញគេចពន្ធ បានបង្ហាញវត្តមានរបស់ពួកគេ លើទឹកដីខេត្តកោះកុង តាំងពីមិនទាន់មានការធ្វើស្ពាន ធ្វើផ្លូវឲ្យបានល្អស្អាត។ ឈ្មួញដុះស្លែទាំងនោះ មានទំនាក់ទំនងល្អ ជាមួយលោក ថេង ម៉ុងហួន និងលោក លាង អ៊ួក ទើបពួកគេអាចបង្កព្យុះភ្លៀង នាំចូលទំនិញគេចពន្ធ និងទំនិញគ្រប់ប្រភេទ តាមច្រកអន្តរជាតិចាំយាម មិនដែលខ្វល់ខ្វាយ ពីកំណែទម្រង់ស៊ីជម្រៅដើម្បីប្រមូលពន្ធឲ្យបាន ១០០ភាគរយនោះទេ។
ការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ច្រកអន្តរជាតិចាំយាម នៃខេត្តកោះកុង ក្នុងមួយថ្ងៃៗរាប់សិបតោន កើតឡើងដោយសារតែ ការឃុបឃិតជាលក្ខណៈប្រព័ន្ធ ពីសំណាក់ជំនាញគយ និងសមត្ថកិច្ច ដែលមានវត្តមាន ចុះទៅឈរជើងនៅទីនោះ តាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដោយពួកគេមិនដែល ឈឺក្បាលវិលមុខ ពីការទប់ស្កាត់សកម្មភាព ដឹកជញ្ជូនទំនិញគេចពន្ធ ដ៏អនាធិបតេយ្យនោះទេ។ ភាពមិនប្រក្រតី នៃការនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ដែលហូរចូលតាមច្រក អន្តរជាតិចាំយាម គ្មានអ្វីលាក់បាំងពីក្រសែភ្នែក របស់សាធារណជននោះទេ ហើយសមត្ថកិច្ចនិងជំនាញគយ របស់លោក ថេង ម៉ុងហួន និងលោក លាង អ៊ួក កំពុងសប្បាយ ប្រមូលផលប្រយោជន៍ច្រកហោប៉ៅ មិនដែលខ្វល់ខ្វាយ ពីការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។
រឿងអាស្រូវនៃការឃុបឃិត ឲ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ របស់លោក ថេង ម៉ុងហួន និងលោក លាង អ៊ួកក ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ដោយសារគយចល័ត ដែលទំនងជាមានទំនាស់ផលប្រយោជន៍ ជាមួយក្រុមលោក ថេង ម៉ុងហួន បានបង្ក្រាបការដឹកជញ្ជូន ម៉ូតូគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ប៉ុន្មានករណីរួចមកហើយ។ គេចាំបានថា ទំនាស់ផលប្រយោជន៍ រវាងគយចល័ត និងគយច្រកចាំយាម ក្រោមបញ្ជារបស់លោក ថេង ម៉ុងហួន បានធ្វើឲ្យអគ្គនាយកគយនិងរដ្ឋាករ ល្វីងមុខយ៉ាងខ្លាំង ហើយតាមគោលការណ៍ប្រសិនបើទំនិញមិនប្រក្រតី ដែលចូលតាមច្រកណាមួយ ត្រូវបានបង្ក្រាប គឺមេគយប្រចាំច្រកនោះ នឹងត្រូវដាក់ពិន័យ ឬមានបញ្ហា។ ប៉ុន្តែសម្រាប់លោក ថេង ម៉ុងហួន និងលោក លាង អ៊ួក ទោះជាបានឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ បែបណាក៏ដោយ ក៏ពួកគេអាចចំណាយលុយ ដើម្បីការពារមុខតំណែង យ៉ាងសុខស្រួលបំផុត៕
Source from: watphnom-news.com
No comments:
Post a Comment