ប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប ស្ទាក់ចាប់ឡានដឹកទំនិញគេចពន្ធ មកពីច្រកជាំស្រងាំ

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត ធ្វើការចុះបង្ក្រាបឃាត់ចាប់ រថយន្តតូរីស ១២កៅអី ដែលដឹកទំនិញគេចពន្ធ ចេញពីខេត្តឧត្តរមានជ័យ តាមច្រកទ្វារព្រំដែន ជាំស្រងាំ កាត់តាមស្រុកអន្លង់វែង ឆ្ពោះចូលមកខេត្តសៀមរាប ដើម្បីយកទៅចែកចាយ ឲ្យម៉ួយនៅស្រុកជីក្រែង កាលពីវេលាម៉ោង ២២និង៣០ នាទីយប់ថ្ងៃទី២៦ ខែមេសា នៅចំណុចផ្លូវ ហាយវ៉េលេខ៦៧ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរៈសេនីយទោ សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា អ្នកបើកបររថយន្តតូរីស ១២កៅអី មានឈ្មោះ ស៊ុន នី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ រស់នៅភូមិ កំពង់ក្តី ឃុំ កំពង់ក្តី ស្រុក ជីក្រែង និងព្រូឡានឈ្មោះ ថៃ យ៉ន់ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅជាមួយថៅកែខាងលើ។
សមត្ថកិច្ចរឹបអូសបាន បានទំនិញគេចពន្ធ ជាច្រើនមុខដូចជា សាប៊ូម្សៅកញ្ចប់តូច ចំនួន ១២កេះ នឹងកញ្ចប់ធំចំនួន ២០កេះ ទឹកក្រូចដបធំចំណុះ ៣,១លីត្រ ចំនួន ២០៨ យួរ ទឹកដោះគោក្រហម ២០កេះ ទឹកដោះគោឆៅ កំប៉ុង៥ កេះ ទឹកក្រូចកំប៉ុង ៨យួរ មីម៉ាម៉ា ២កេះ និងអីវ៉ាន់គេចពន្ធ ជាច្រើនមុខទៀត។ ក្រោយពីធ្វើការឃាត់ខ្លួន ម្ចាស់អីវ៉ាន់និងរថយន្តតូរីស ដឹកទំនិញគេចពន្ធរួចមក កម្លាំងជំនាញក៏បាន ប្រគល់ឲ្យសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ដែលស្ថិតនៅក្នុងសង្កាត់ទឹកវិល ចាត់ការផាកពិន័យ តាមនីតិ វិធី៕
Source from: watphnom-news.com