នៅផ្ទះជិតខាងគ្នាមិនចេះយោគយល់ បង្កជម្លោះក្លាយជាហិង្សា ប្តឹងទារជំងឺចិត្ត ១ពាន់ដុល្លារ

រាជធានីភ្នំពេញ ៖ ជម្លោះដ៏រ៉ាំរ៉ៃរវាងគ្រួសារ២ ដែលមានផ្ទះនៅទល់មុខគ្នា ហើយបានឌឺដងដាក់គ្នា រហូតទ្រាំមិនបាន ឈានដល់ទៅវាយតប់គ្នា មានរងរបួសទាំងសងខាង ដោយដាច់មុខដាច់មាត់ ហើយភាគីម្ខាងមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ឲ្យជួយរកយុត្តិធម៌ រួចហើយបានទាមទារថ្លៃជំងឺចិត្ត ចំនួនមួយពាន់ដុល្លារ កាលពីវេលាម៉ោង ៩និង៤០ នាទីព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនដើមបណ្តឹង ២នាក់ រួមមានឈ្មោះ សាន់ សារ៉ុន ភេទស្រី អាយុ ៣៩ឆ្នាំ រងរបួសដាច់មុខដាច់មាត់ ដោយស្នាមក្រញ៉ៅ និងឈ្មោះ ដ៉ាលី វិច្ឆិកា ភេទស្រី អាយុ ១៨ឆ្នាំ មានមុខរបរជាសិស្ស ត្រូវជាកូន។ ចំណែកភាគីចុងបណ្ដឹង មានគ្នា ៥នាក់ គ្រាន់តែស្គាល់ថា ទី១ ឈ្មោះ ផាត ស្រី ទី២ឈ្មោះ មុំ ស្រី ទី៣ ឈ្មោះ អូន ស្រី ទី៤ឈ្មោះ ហន ប្រុស ទី៥ឈ្មោះ ទូចប្រុស អ្នកទាំងអស់រស់នៅ ផ្ទះទល់មុខគ្នា ក្នុងភូមិកើតហេតុជាមួយគ្នា។
ឈ្មោះ សាន់ សារ៉ុន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ខណៈដែលគាត់ បានបើករថយន្តចេញទៅក្រៅផ្ទះ ភាគីម្ខាងទៀត បានឈរមើលរថយន្តរបស់គាត់ ពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ លុះពេលត្រឡប់មកវិញ ស្រាប់តែកូនរបស់គាត់ប្រាប់ថា អ្នកផ្ទះទល់មុខ ដែលជាមនុស្សមិនត្រូវគ្នានោះ ស្ដោះទឹកមាត់ឌឺដាក់។ លុះដល់ព្រឹកឡើងគាត់បើកទ្វារ បំរុងទៅសួរនាំស្រាប់តែ សត្វឆ្កែរបស់គាត់រត់ទៅមុន ហើយខាំគ្នាជាសត្វឆ្កែ របស់ភាគីជម្លោះ ពេលនោះភាគីម្ខាងទៀត បានទាត់សត្វឆ្កែរបស់គាត់ ហើយគាត់ក៏ស្ទុះ ទៅទាត់សត្វឆ្កែរបស់គេវិញ។
ហេតុការណ៍នេះបង្កឲ្យមានជម្លោះ តឹងមាត់តឹងករដាក់គ្នា ហើយឈានទៅប្រតាយប្រតប់គ្នា ដោយសារតែ ភាគីខាងមានគ្នាច្រើន បានចាប់គាត់ជាប់ក្រញ៉ៅ រហូតដល់ដាច់មុខគាត់ជាច្រើនកន្លែង មិនតែប៉ុណ្ណោះកូនស្រីរបស់គាត់ ដែលស្ទុះមកជួយ ក៏ត្រូវគេវាយបណ្តាល ឲ្យរងរបួសដាច់មុខ បន្តិចផងដែរ។ បើតាមការបំភ្លឺ របស់ភាគីចុងចោទ បានឲ្យដឹងថា នៅពេលឆ្កែខាំគ្នា ឈ្មោះ សាន់ សារ៉ុន បានស្ទុះមកវាយគាត់ទាំងកំរោល និងបានប្រតាយប្រតប់ គ្នាទៅវិញទៅមក បណ្តាលឲ្យគាត់រងរបួសដាច់មុខ ដាច់សាច់លើដងខ្លួន ជាច្រើនកន្លែងផងដែរ ហើយបែរជាដាក់ពាក្យបណ្ដឹង ប្ដឹងគាត់ទារថ្លៃជំងឺចិត្តរហូតដល់ ១ពាន់ ដុល្លារ នេះជាទង្វើមួយដែលពួកគាត់ មិនអាចទទួលយកបានឡើយ៕
Source from: watphnom-news.com