សង្ស័យញៀនថ្នាំ ត្រូវជើងកាងប្រចាំតំបន់វាលខ្សាច់ដេញវាយ រត់ឡើងដំបូលផ្ទះអ្នកស្រុក

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យញៀនថ្នាំ បានរត់ឡើងលើដំបូលផ្ទះ ប្រក់ក្បឿង កម្ពស់មួយជាន់ ហើយស្រែកគំរាម ប៉ុនប៉ងលោតធ្វើអត្តឃាត កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើដំបូលផ្ទះ លេខ ៣៥០ផ្លូវបេតុង ក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរនិងអាជ្ញាធរ ចូលរួមអង្វករឲ្យបុរសម្នាក់នោះ ចុះមកក្រោមតាមសម្រួល ដោយមិនមានយកទោសពៃរ៍អ្វីនោះទេ ។
បុរសដែលបង្កភាពចលាចល មានឈ្មោះ បេន រឿន អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិព្រែកតាឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ អ្នកស្រុកបានអង្វរ ឲ្យចុះមកក្រោម តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោងជិត ១១ថ្ងៃត្រង់ ទើបបុរសរូបនេះ បានចុះមកក្រោម ហើយត្រូវបានអ្នកភូមិ ប្រគល់អោយសមត្ថកិច្ច យកទៅកាន់ស្នាក់ប៉ុស្តិ៍ព្រែកប្រា ដើម្បីសួរនាំ ។ បុរសរូបនេះ បាននិយាយទាំងរវើរវាយថា ខ្លួនត្រូវបានគេដេញវាយ ពេលចូលទៅរកជក់ថ្នាំ នៅលើ វាលខ្សាច់ ខាងក្រោយអតីតរោងចក្រ តាក់ហ្វាត ក្នុងសង្កាត់ចាក់អង្រែលើ ដោយសារតែគ្មាន លុយ អោយពួកជើងកាងប្រចាំវាលខ្សាច់។
បុរសម្នាក់នោះបានបន្តថា ក្រោយពីពួកញៀនថ្នាំដូចគ្នាដេញវាយ គេបានមកដល់ផ្លូវចូល បន្ទាយ ហើយរត់ឡើងលើ ដំបូលផ្ទះអ្នកស្រុក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋតែម្តង ។ សូមបញ្ជាក់ថា បុរសឈ្មោះ បេន រឿន មានមុខរបរ រត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ សួង ផល្លា អាយុ ៣២ឆ្នាំ មានកូនប្រុសស្រី ៥នាក់ ហើយប្រពន្ធ ជាអ្នកបណ្តុះកូនឈើលក់ នៅក្រុងតាខ្មៅ ។ នៅពេលមានការភ្ញាក់ផ្អើល ពីការប៉ុនប៉ងលោត ពីលើដំបូលផ្ទះអ្នកស្រុកនេះ នគរបាលមូលដ្ឋាន មិនបានចុះទៅអន្តរាគមន៍អ្វីនោះទេ សូម្បីតែផ្ទះកើតហេតុ ក៏សមត្ថកិច្ចមិនបានស្គាល់ អត្តសញ្ញាណ ម្ចាស់ផ្ទះនោះដែរ៕
Source from: watphnom-news.com
No comments:
Post a Comment