ឃាត់ខ្លួនមេក្លោងលួចលុយធនាគារ តាមប្រព័ន្ធអាយធី និងស្រីស្នេហ៍ក្នុងបន្ទប់សណ្ឋាគារ

ខេត្ដកំពង់ចាម ៖ កម្លាំងនគរបាលនាយកដ្ឋាន សន្ដិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ប៉ាង ណារ៉េន អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ចាម បានចាប់ខ្លួនជន សង្ស័យ ជាមេក្លោងដ៏ធំលួចដកលុយពីធនាគារ ដែលចេញឱ្យអតិថិជន នៅប្រទេសកូរ៉េតាមប្រព័ន្ធអេឡិចត្រូនិក កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ នៅចំណុចសណ្ឋាគារមនោរម្យ ក្នុងបន្ទប់លេខ៤១២ ស្ថិតក្នុងភូមិទី១១ សង្កាត់-ក្រុង-ខេត្ដកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ លី អ៊ីនយុង ហៅហានូ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមេក្លោងធំ ទី២ ជាស្រីស្នេហ៍ របស់ជនសង្ស័យឈ្មោះ លី អ៊ីនយុង អាយុ ២៤ឆ្នាំ រស់នៅឃុំ-ស្រុក កំពង់បាយ ខេត្ដកំពត និងជនសង្ស័យទី៣-ឈ្មោះស៊ុង ចាំងហ្គីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅក្នុងប្រទេស កូរ៉េខាងត្បូង ហើយជនសង្ស័យ ជាជនជាតិកូរ៉េខាងត្បូង ទាំង ២នាក់នេះ បានចូលមកលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ។
លោកបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាតុលាការរបស់ ប្រទេសកូរ៉េខាង ត្បូង ដែលបានចេញដីកា និងនិវេទក្រហម ឱ្យនគរបាលអន្ដរជាតិ តាមចាប់ខ្លួននិងមានបទបញ្ជា ពីប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង ដើម្បីសុំសហការ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ចាប់បញ្ជូនជនសង្ស័យ ទៅប្រទេសរបស់គេវិញ ។ ដោយឡែកនារី ដែលជាស្រីស្នេហ៍ របស់មេក្លោង លី អ៊ីនយុង អាចនឹងត្រូវដោះលែង ព្រោះមិនមានពាក់ព័ន្ធ នឹងសកម្មភាពលួចដកលុយ តាមប្រព័ន្ធអេឡិចត្រូនិក ដែលចេញឱ្យអតិថិជន នៅប្រទេសកូរ៉េ តាមធនាគារនោះឡើយ ៕
Source from: watphnom-news.com