ព្រះមហាក្សត្របាត់តម្លៃលើគ្រប់វិស័យក្នុងសម័យសម្តេចតេជោសែនហៅបុរសខ្លាំង

មាត្រា៤, មាត្រា៨ កថាខណ្ឌទី១ និងមាត្រា២៣ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ ៖ ជាតិ សាសនា ព្រះមហាក្សត្រ ។ ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។…" ។
អនុលោមតាមបញ្ញត្តិដូចមានចែងក្នុងមាត្រានៃរដ្ឋធម្មនុញ្ញខាងលើ គឺអង្គព្រះមហាក្សត្រត្រូវតែត្រូវបានលើកតម្កើងព្រះកិត្តិនាម តាមរយៈការដាក់តាំងព្រះឆាយាលក្ខណ៍របស់ទ្រង់នៅតាមទីសាធារណៈ និងនៅតាមបណ្តាក្រសួង មន្ទីរ…ស្ថាប័នរដ្ឋ ទុកជាការគោរពបាវចនានៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែជាក់ស្តែងនាសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី បានបង្ហាញឲ្យឃើញថា តម្លៃព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រកម្ពុជា បានប្រឈមនឹងការបាត់បង់លើគ្រប់វិស័យ ជាពិសេសបាត់បង់ក្រោមស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ។
ព័ស្តុតាងបង្ហាញថា នៅតាមស្ថាប័នរដ្ឋក្នុងបន្ទប់ប្រជុំរបស់កងទ័ព នគរបាល និងរដ្ឋបាលស៊ីវិល…មួយចំនួន មិនត្រូវបានគេដាក់តាំងព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រទេ គឺបែរជាបានដាក់តាំងរូបថតសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយា និងជាប្រធានកាកបាទក្រហមកម្ពុជា ជំនួសទៅវិញ ។
មជ្ឈដ្ឋានអ្នកតាមដាននយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា មន្ត្រីក្រោមឱវាទរបស់បុរសខ្លាំង ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងតុលាការ បាននាំគ្នាដង្ហែ និងលើកតម្កើងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខ្លាំងជាងអង្គព្រះមហាក្សត្រជាទីសក្ការៈទៅទៀត ទើបគេដាក់តាំងរូបថតបុរសខ្លាំង និងភរិយាក្នុងបន្ទប់ធ្វើការ និងក្នុងបន្ទប់ប្រជុំ ដ្បិតបុរសខ្លាំងបានផ្តល់ផលប្រយោជន៍ជាបុណ្យស័ក្តិ និងលាភសក្ការៈដល់ពួកគេ ទើបគេដាក់រហស្សនាមព្រះរាជាណាចក្រកម្ពុជា ថាជា "ព្រះរាជាណាចក្រ ហ៊ុន សែន " ៕ 


Source from: www.dtn7.com

Loading...
Loading...