ថ្នាក់ដឹកនាំសំខាន់ៗរបស់តុលាការកំពូលប្រមូលផ្តុំដោយចៅក្រមដែលដល់អាយុត្រូវចូលនិវត្តន៍ដុះស្លែ

ថ្វីដ្បិតកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៣នៃរដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធតុលាការ បានចែងថា "ចៅក្រមដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នឹងត្រូវបានដាក់ឲ្យចូលនិវត្តន៍" និងបុរសខ្លាំងបានលើកឡើងក្នុងកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់អាណត្តិទី៥នូវពាក្យថា "កំណែទម្រង់ស៊ីជម្រៅ"ក៏ដោយ ក៏ការពិតជាក់ស្តែងបានបង្ហាញថា ថ្នាក់ដឹកនាំសំខាន់ៗរបស់តុលាការកំពូលដែលជាសាលាជម្រះក្តីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ បាននិងកំពុងប្រមូលផ្តុំទៅដោយចៅក្រមដែលមានអាយុត្រូវចូលនិវត្តន៍ដុះស្លែ និងជាមន្ត្រីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចទៀតផង ។
ព័ស្តុតាងដែលបង្ហាញអំពីថ្នាក់ដឹកនាំសំខាន់ៗរបស់តុលាការកំពូល គឺជាចៅក្រមដែលមានអាយុត្រូវចូលនិវត្តន៍ដុះស្លែ តែមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនោះ មានដូចតទៅ ៖
១-ឯកឧត្តម ឌិត មុន្ទី (មានអាយុចំនួន២ គឺ៧៣ឆ្នាំ បើគិតតាមឆ្នាំកំណើតធ្វើសច្ចាប្រណិធានចូលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង៧០ឆ្នាំ បើគិតតាមឆ្នាំកំណើតដាក់ក្នុងក្របខ័ណ្ឌចៅក្រម) ជាប្រធានតុលាការកំពូល និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
២-ឯកឧត្តម ឃឹម ប៉ុណ្ណ អាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅត្រាវិញ ប្រទេសវៀតណាម ជាអនុប្រធានតុលាការកំពូល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
៣-ឯកឧត្តម ជីវ កេង អាយុ៦៣ឆ្នាំ ជាអនុប្រធានតុលាការកំពូល អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញរយៈពេលជិត១០ឆ្នាំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះពង្រឹងគណបក្សប្រជាជនកម្ពុជានៅស្រុកគីរីវង់ ខេត្តតាកែវ ។
លើសពីនេះ ចៅក្រមតុលាការកំពូលជាច្រើនរូបទៀត គឺជាចៅក្រមដែលដល់អាយុត្រូវចូលនិវត្តន៍ ប៉ុន្តែមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ឡើយ រួមមាន ៖ ១-លោកចៅក្រម ប្រាក់ គឹមសាន អាយុ៧១ឆ្នាំ, ២-លោកចៅក្រម ទី ណេង អាយុ៧០ឆ្នាំ, ៣-លោកចៅក្រម យស់ សូខឿន អាយុ៦៩ឆ្នាំ, ៤-លោកចៅក្រម សោម សិរីវឌ្ឍ អាយុ៦១ឆ្នាំ, ៥-លោកចៅក្រម អ៊ីវ គឹមស្រ៊ី អាយុ៦១ឆ្នាំ និងលោកស្រីចៅក្រម កិម សត្ថាវី អាយុ៦០ឆ្នាំ ។
ក្នុងចំណោមឯកឧត្តម និងលោក លោកស្រីចៅក្រម ដែលជាប្រធាន អនុប្រធាន និងជាចៅក្រមតុលាការកំពូលដែលដល់អាយុត្រូវចូលនិវត្តន៍ខាងលើ តែមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ មានចៅក្រមខ្លះត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀតរហូតដល់ចំនួនយ៉ាងតិច២ដងរួចមកហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៧ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ជាអាទិ៍ ៖ ១-ឯកឧត្តម ឌិត មុន្ទី, ២-ឯកឧត្តម ឃឹម ប៉ុណ្ណ, ៣-ឯកឧត្តម ជីវ កេង, ៤-លោក ប្រាក់ គឹមសាន, ៥-លោក ទី ណេង និង៦-លោក យស់ សូខឿន ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា បុរសខ្លាំងជានាយករដ្ឋមន្ត្រីមិនគោរព និងមិនអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអនុម័តដោយរដ្ឋសភាចាប់តាំងពីអាណត្តិទី៣មកម្ល៉េះ ក្នុងកិច្ចការកែទម្រង់ប្រព័ន្ធតុលាការ និងថ្នាក់ដឹកនាំសំខាន់ៗរបស់តុលាការកំពូលដែលជាសាលាជម្រះក្តីជាន់ខ្ពស់ ក៏មិនគោរពសេចក្តីថ្លៃថ្នូរខ្លួនឯងផង និងមិនគោរពកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង គឺបានបង្ហាញឲ្យឃើញថា ប្រព័ន្ធតុលាការកម្ពុជាមិនអាចផ្តល់យុត្តិធម៌លើរឿងក្តី និងមិនអាចផ្តល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងសុវត្ថិភាពសង្គមបានឡើយ ៕


Source from: www.dtn7.com

Loading...
Loading...