លោក អោក បូរ៉ា នៅតែមានឱកាសកាន់តំណែង ជាអគ្គនាយកប្រៃសណីយ៍កម្ពុជាឡើងដុះស្នឹម បង្កើតឲ្យមានភាពអសកម្មពេញបន្ទុក

រាជធានីភ្នំពេញ ៖ ទោះបីជាមានការផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួចទៅហើយក៏ដោយ ក៏លោក អោក បូរ៉ា នៅតែមានឱកាសកាន់តំណែង ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្នឹមទៅហើយ បើនិយាយតាមភាសាសាមញ្ញ គឺលោក អោក បូរ៉ា ទទួលបានបុព្វសិទ្ធិយ៉ាងពិសេស ក្នុងការធ្វើប្លង់រឹងដើម្បីកាន់តំណែង ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ហើយភាពអសកម្ម និងអំពើពុករលួយ របស់លោក អោក បូរ៉ា គេហ៊ានទស្សន៍ទាយថា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រី ទើបឡើងតំណែងថ្មីថ្មោង មិនបានដឹងពីភាពអសកម្មទាំងនេះទេ ហើយទោះចង់ឬមិនចង់ ការប្រព្រឹត្តរបស់លោក អោក បូរ៉ា កំពុងបង្កផលប៉ះពាល់ ដល់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ គួរឲ្យព្រួយបារម្ភផងដែរ។
គេមិនច្បាស់ទេថា តើយន្តការគ្រប់គ្រង នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុវត្តន៍តាមរូបមន្តអ្វីនោះទេ ព្រោះគេកត់សម្គាល់ឃើញថា មន្ត្រីធំៗដែលកាន់តំណែង តាំងពីជំនាន់លោក សូរ ឃុន នៅតែមានឱកាស ប្រព្រឹត្តអំពើពុករលួយ និងអសកម្មដដែល ទោះបីជាមានការផ្លាស់ប្តូររដ្ឋមន្ត្រី ដោយលោក ប្រាក់ សុខុន ឡើងមកកាន់តំណែង ជំនួសលោក សូរ ឃុន ក៏រូបភាពនៃការគ្រប់គ្រង ដឹកនាំក្នុងក្រសួងនេះ នៅតែដដែល សឹងថាគ្មានអ្វីប្រែប្រួលនោះទេ។ មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា ជាគោលការណ៍ រដ្ឋលេខាធិការទទួលផែន នៅក្នុងក្រសួងនេះ ចង់មានអំណាចបង្កព្យុះភ្លៀង តែងតាំងមន្ត្រី ឬអន្តរាគមន៍ ការពារមុខតំណែងមន្ត្រីណាម្នាក់ ខ្លាំងជាងរដ្ឋមន្ត្រីទៅទៀត ដូច្នេះហើយបានជា មន្ត្រីដុះស្លែមួយចំនួន ពួកគេនៅអាចបង្កព្យុះភ្លៀង ដោយសារតែពួកគេ រដ្ឋលេខាធិការ មួយចំនួនជាបង្អែក។
លោក អោក បូរ៉ា បានកាន់តំណែង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំមកហើយ អត់មានការផ្លាស់ប្តូរទៅណានោះទេ បើទោះបីជាក្នុងអង្គភាពនេះ មានភាពអសកម្ម មិនប្រក្រតី អំពើពុករលួយ កិបកេងចំណូលថវិកាជាតិ កើតឡើងតាមគ្រប់រូបភាពក៏ដោយ មិនដឹងជាលោក អោក បូរ៉ា មានអំណាចអ្វីពិសេសនោះទេ ទើបគាត់អាចតោងតំណែង ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្នឹម គ្មាននរណាអាចប្រជែងយកតំណែង របស់គាត់បានទេ។ តាមពិតទៅ លោក អោក បូរ៉ា គឺជាមនុស្សជំនិត និងធ្លាប់ជាអ្នករកលុយ ទៅផ្គត់ផ្គង់លោក សូរ ឃុន ចុះមូលដ្ឋាន ពង្រឹងបក្សនៅឯខេត្តតាកែវ ទើបគាត់អាចមានគុណសម្បត្តិ ក្រាញតំណែងជា អគ្គនាយកប្រៃសណីយ៍កម្ពុជា គ្មាននរណាហ៊ានប៉ះពាល់ និងអាចបង្កព្យុះភ្លៀង តាមតែអំពើចិត្តមិនខ្វល់ ពីកំណែទម្រង់ស៊ីជម្រៅនោះទេ។
មន្ត្រីតូចតាចមួយចំនួនបានលើកឡើងថា ក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដែលមានភាពអសកម្ម និងរឿងអាស្រូវពុករលួយ ប្រហាក់ប្រហែល អង្គភាពប្រៃសណីយ៍កម្ពុជា ដែលសុទ្ធសឹងជាអង្គភាពស្វយ័ត មានភាពម្ចាស់ការ លើចំណូលនិងចំណាយ ចំណុះឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា មានការផ្លាស់ប្តូរថ្នាក់ដឹកនាំចំនួន ២លើករួចមកហើយ គឺទី១ មានការផ្លាស់ប្តូរតំណែងលោក ឡៅ សារឿន ជំនួសដោយលោក កឹម វិក្រា ហើយពេលនេះ ក៏មានការផ្លាស់ប្តូរលោក កឹម វិក្រា ដាក់ជំនួសដោយលោក ឡាយ ម៉ារីវ៉ូ ក្រោមរូបភាពកែទម្រង់ ដើម្បីធ្វើឲ្យមន្ត្រីថ្នាក់ក្រោមស្ងប់ចិត្ត។ ប៉ុន្តែក្នុងអាណត្តិដូចគ្នានេះ អង្គភាពប្រៃសណីយ៍កម្ពុជា មិនមានការផ្លាស់ប្តូរតំណែងលោក អោក បូរ៉ា នោះទេមិនដឹងជាមានអាថ៌កំបាំងអ្វី ព្រោះជាគោលការណ៍ របៀបដឹកនាំមួយដែលដុះស្នឹម ពោរពេញដោយអំពើបក្ខពួកនិយម មានការលួចបន្លំចំណូលថវិកាជាតិ។
មានសំណួរមួយចំនួនបានលើកឡើងថា រឿងដែលលោក អោក បូរ៉ា អាចតោងតំណែង ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្នឹមរហូតមកដល់ពេលនេះ តើគាត់ជាមន្ត្រីស្អាតស្អំស៊ីតែប្រាក់ខែរបស់រដ្ឋ ឬក៏យ៉ាងណា ? ជាធម្មតាមន្ត្រីថ្នាក់អគ្គនាយក ដូចលោក អោក បូរ៉ា មានបានខ្លាំងសម្បើមណាស់ ពោលគឺទ្រព្យសម្បត្តិ របស់លោក អោក បូរ៉ា នាពេលបច្ចុប្បន្ននេះ គឺមិនមានតុល្យភាពទៅនឹង កម្រិតប្រាក់ខែ ក្នុងក្របខ័ណ្ឌរាជការនោះទេ ហើយគេដាក់ការសង្ស័យថា បញ្ហាតែមប្រៃសណីយ៍ និងការឃុបឃិតជាមួយ ក្រុមហ៊ុនបញ្ញើរហ័ស គឺជាឱកាសដែលលោក អោក បូរ៉ា និងមន្ត្រីជំនិតៗរបស់គាត់ ប្រមូលយកទៅអភិវឌ្ឍន៍មុខតំណែង និងអភិវឌ្ឍន៍ ជីវភាពគ្រួសារ យ៉ាងរលូនល្អ។ គេចង់ឃើញផ្នែកសវនកម្មផ្ទៃក្នុងក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ ពីភាពមិនប្រក្រតី និងអំពើពុករលួយដ៏ស្ងៀមស្ងាត់ ដែលកំពុងកើតមានក្នុង អង្គភាពប្រៃសណីយ៍កម្ពុជា ក្រោមប្រព័ន្ធបញ្ជារបស់លោក អោក បូរ៉ា ឡើងវិញជាបន្ទាន់ផង៕
Source from: watphnom-news.com