សង្ស័យមានជម្លោះក្នុងក្លិបម៉ូណាកូ វាយតប់គ្នានិងដកកាំភ្លើង បាញ់ប្រហារមិនញញើតដៃ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួស ត្រង់ប្លោកនោម ដោយសារជនមួយក្រុម មានគ្នាប្រមាណ ៥នាក់ បាញ់ប្រហារមិនញញើតដៃ បន្ទាប់ពីចេញពីក្លិបកម្សាន្ដ ម៉ូណាកូ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសាឆ្នាំ២០១៤ ស្ថិតនៅចំណុចមុខផ្ទះលេខ១៤០ ផ្លូវលេខ១៥០ ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ហើយចំណែកក្រុមជនដៃដល់ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះមានឈ្មោះ ពេញ សុផល ភេទប្រុស អាយុ ២៣ឆ្នាំ ជាសន្ដិសុខ ស្នាក់នៅផ្ទះលេខ១៤៤ ភូមិ១១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមជនដៃដល់មានគ្នា៥នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំភ្លើង ១ដើម មិនស្គាល់ម៉ាក។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមជនដៃដល់ បានចូលផឹកស៊ីរាំកម្សាន្ដ នៅក្នុងក្លិបកម្សាន្ដ ម៉ូណាកូ នៅតាមបណ្ដោយ ផ្លូវលេខ៥៩៨ ។
រហូតដល់ម៉ោងប្រមាណ ១រំលងអធ្រាត្រ ពួកគេបានចេញពីក្លិបដូចគ្នា ហើយមិនដឹងជា មានការប៉ះទង្គិចគ្នា នៅក្នុងក្លិបឬយ៉ាងណានោះទេ ទើបពេលចេញមកដល់ខាងមុខក្លិប ពួកគេ បានវាយប្រតាយប្រតប់គ្នា ធ្វើឱ្យជនដៃដល់ម្នាក់ ដកកាំភ្លើងបាញ់សំដៅ ជនរងគ្រោះមួយគ្រាប់ ត្រូវចំប្លោកនោម រងរបួសជាទម្ងន់ ។ ភ្លាមៗនោះ ក្រុមជនដៃដល់ បានរត់ឡើងជិះម៉ូតូ២គ្រឿង គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនដៃដល់ នាំមកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com