យកដែកឆាបភ្ជង់ចាប់រំលោភកូនក្រមុំអ្នកភូមិ ពេលចេញពីហូបការពាក់កណ្តាលអធ្រាត

ខេត្ដកំពត ៖ យុវជន ២នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច នគរបាលស្រុកដងទុង ចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះ បានប្ដឹងពីបទប៉ុនប៉ង ចាប់រំលោភកូនស្រី របស់គាត់ ពេលនាងចេញពីពិធីមង្គលការ នៅភូមិបរក្នុងឃុំអង្គរមាស ស្រុកដងទុង ខេត្ដកំពត ហើយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្ដកំពត បានកសាងសំណុំរឿង បញ្ជូនទៅឱ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពត ចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤។
ជនសង្ស័យរួមមានឈ្មោះពៅ ឈីត ហៅអីត អាយុ ២០ឆ្នាំ និងឈ្មោះ ទាវ រ៉ាត់ អាយុ ២៨ឆ្នាំ អ្នកទាំង២ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទុង ខេត្ដកំពត ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យ. ស.អ អាយុ ១៦ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំមានឫទ្ធិ ស្រុកដងទុង ខេត្ដកំពត។ តាមបណ្ដឹងរបស់ស្ដ្រីឈ្មោះ ព្រាប នឿន ដែលត្រូវជាម្ដាយ ក្មេងស្រីរងគ្រោះ បាន បញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅពេលកូនស្រីរបស់គាត់ ឈ្មោះ យ.ស.អ ត្រឡប់មកពីហូបការគេវិញ នៅភូមិបរ ក្នុងឃុំអង្គរមាស ជនសង្ស័យទាំង ២នាក់ បានស្ទាក់ចាប់កូនស្រីរបស់គាត់ ប៉ុនប៉ង រំលោភ ប៉ុន្ដែនាងបានព្យាយាមរើបម្រះ រួចរត់ឱ្យគេជួយ ។
ក្មេងស្រីរងគ្រោះឈ្មោះ យ.ស.អ បានឲ្យដឹងថា ពេលនាងត្រឡប់មកពីហូបការ នៅភូមិបរ ក្នុង ឃុំអង្គរមាស ស្រាប់តែជនសង្ស័យទាំង ២នាក់ខាងលើ ចេញមកស្ទាក់ផ្លូវ ចាប់នាងប៉ុនប៉ង រំលោភសេពសន្ថវៈ ប៉ុន្ដែនាងបានរើបម្រះរួច ។ ក្នុងនោះឈ្មោះ ទៀវ រ៉ាត់ ជាអ្នកចាប់នាង ដោយយកដែកឆាប មកគំរាមនាងថា បើសិនហ៊ានស្រែក គេនឹងចាក់សម្លាប់ ហើយចំណែកជនសង្ស័យ ឈ្មោះ ពៅ ឈីត ជាអ្នកចាប់គ្នារបស់នាង ដែលមកជាមួយ ឈ្មោះ សុខ រ៉ែន ក្នុងបំណងទុកឱ្យឈ្មោះ ទៀវ រ៉ាត់ ជាអ្នកចាប់រំលោភ។ ជនសង្ស័យឈ្មោះ ទៀវ រ៉ាត់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង ១៨ ខ្លួនបានទៅហូបការ នៅភូមិបរ ក្នុងឃុំអង្គរមាស រួចក៏បាននៅរាំលេង រហូតដល់ម៉ោង ៣ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ។
លុះពេលត្រឡប់មកផ្ទះវិញ ខ្លួនបានមកជាមួយឈ្មោះ ពៅ ឈីត ហើយនៅពេលធ្វើដំណើរ បានពាក់កណ្ដាលផ្លូវ ក៏បានជួបមនុស្ស ប្រុសម្នាក់ឈ្មោះ សុខ រ៉ែន និងក្មេងស្រីរងគ្រោះ យ.ស.អ ដោយខ្លួនបានកៀកក អ្នកទាំង២ ដែលពេលនោះ នាងយ.ស.អ បានផ្ដាច់ដៃខ្លួនចេញ ទើបខ្លួនយកដែកឆាប គំរាមទៅលើក្មេងស្រីរងគ្រោះ។ ផ្អែកតាមការស៊ើបអង្កេត របស់សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ ទៀវ រ៉ាត់ និងឈ្មោះ ពៅ ឈីត ពិតជាបានប្រព្រឹត្ដ អំពើប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះ យ.ស.អ ពិតប្រាកដមែន៕
Source from: watphnom-news.com
No comments:
Post a Comment