ដឹកហ្គាសពីប៉ោយប៉ែតលើសចំណុះ យកមកបូមលក់ ផ្ទុះឆាបឆេះផ្អើល ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរី៩៥ មួយគ្រឿងបានផ្ទុះកក្រើក ពេញក្រុងសិរីសោភ័ណ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរទៅមក លើកំណាត់ផ្លូវបេតុងមួយខ្សែ អតីតជាផ្លូវភ្លោះ ជាប់នឹងផ្លូវជាតិលេខ៥ ពីបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង នាំឲ្យតៃកុងរថយន្ត រងរបួសធ្ងន់ ពេលកំពុងឲ្យជាង បូមហ្គាស៍ចេញពីរថយន្ត រួចក៏ផ្ទុះឡើងតែម្តង កាលពីវេលាម៉ោង ៥និង១០ នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ ពាក់ស្លាកលេខ ភ្នំពេញ2A-0117 បានដឹកហ្គាស៍ ចេញពីក្រុងប៉ោយប៉ែត ដែលមានចំណុះ ៨០គីឡូក្រាម និងមានដឹកកូនស្រីបង្កើត របស់ខ្លួនម្នាក់ទៀតផង ក្នុងគោលបំណងយកហ្គាស៍ មកលក់ឲ្យម៉ូយ នៅក្រុងសិរីសោភ័ណ។ នៅពេលជាងបូមហ្គាស៍ ចេញបាន ៤០គីឡូក្រាមហើយ នៅសល់ ៤០គីឡូក្រាមទៀត តែម្ចាស់រថយន្ត មិនបាននៅកន្លែងបូមហ្គាស៍លក់នោះទេ ដោយយកកូនទៅទុក ឲ្យបងប្អូននៅឯម្តុំស្ពានព្រះពន្លា រួចក៏បានត្រឡប់មកតែម្នាក់ឯង ដើម្បីយករថយន្ត ចេញពីកន្លែងលក់ហ្គាស៍ ទៅក្រុងប៉ោយប៉ែតវិញ។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលម្ចាស់រថយន្ត បានបើករថយន្តថយក្រោយទើបបានចម្ងាយ ៥ ម៉ែត្រប៉ុណ្ណោះ ស្រាប់តែផ្ទុះហ្គាស៍ ដែលនៅសេសសល់ នៅក្នុងរថយន្តនោះ ធ្វើឲ្យម្ចាស់រថយន្ត ដែលគេមិនបានស្គាល់ឈ្មោះ ឆេះរលាកពេញក្បាល និងដងខ្លួន រងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះតែម្តង។ ប្រជាពលរដ្ឋបានលើកឡើងថា ការដាក់ហ្គាស៍បែបនេះ គឺវាលើសចំណុះ ហើយខុសបែបបទបច្ចេកទេស ទើបងាយផ្ទុះបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕
Source from: watphnom-news.com