បុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតមកដល់ នៅតាមកន្លែងលក់សំបុត្រឡានក្រុង ឡើងថ្លៃទ្វេរដង

ក្រុងប៉ោយប៉ែត ៖ នៅពេលរដូវបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ខិតជិតចូលមកដល់ នាពេលខាងមុខនេះ គេសង្កេតឃើញ ក្រុមពលករចំណាកស្រុក ប្រុសស្រីមានចំនួន រាប់រយនាក់ក្នុងមួយថ្ងៃៗ បាននាំគ្នាសម្រុកឆ្លងដែន មកពីប្រទេសថៃតាមច្រកត្រង់ និងច្រករបៀង នៅក្នុងតំបន់ជាយដែនកម្ពុជា ថៃ ក្រុងប៉ោយប៉ែត ដូចគេហែកឋិន ដើម្បីវិលត្រឡប់ ទៅស្រុកកំណើតជួបជុំគ្រួសារ ដោយសេចក្តីនឹករលឹក។
សូមបញ្ជាក់ថា ក្រុមពលករខ្មែរចំណាកស្រុក ប្រុសស្រីទាំងអស់នេះ បាននាំគ្នាសម្រុកឆ្លងដែន មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ និងច្រករបៀង នៅក្នុងតំបន់ជាយដែន ក្រុងប៉ោយប៉ែតនេះ តាមថ្ងៃធម្មតាមានចំនួនតិចតួចទេ តែបើពេលមាន បុណ្យប្រពៃណីខ្មែរម្តងៗ ដូចជាបុណ្យចូលចូលឆ្នាំ និងរដូវបុណ្យភ្ជុំបិណ្ឌ វិញគឺមានចំនួនច្រើនតែម្តង ដោយក្នុងមួយថ្ងៃៗ មានចំនួនរហូតដល់រាប់រយ រាប់ពាន់នាក់ឯណោះ។ នៅតាមដងផ្លូវចាប់ពី ចំណុចផ្លូវកែងចូលផ្សារអគ្គថ្មី រហូតដល់រង្វង់មូល មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេសង្កេតឃើញមាន ក្រុមអ្នករត់តាក់ស៊ី និងរថយន្តតូចធំ គ្រប់ប្រភេទចតលើដងផ្លូវ ចាំចាប់ម៉ូយបង្កភាពរញ៉េរញ៉ៃ ខ្លាំងបំផុត។
មិនតែប៉ុណ្ណោះ ក្រុមអ្នករត់តាក់ស៊ី និងអ្នកលក់សំបុត្រ រថយន្តក្រុង គ្រប់ប្រភេទ បានតម្លើងថ្លៃ កប់ពពក ដូចជាពីប៉ោយប៉ែត ដល់ភ្នំពេញ តម្លៃពី ៤៥០បាត រហូលដល់ ៦៥០ បាតឯណោះ ។ យ៉ាងណាក៏ដោយ លោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកបានបញ្ជា ឲ្យកម្លាំងសម្ងាត់តាមដាន រាល់បញ្ហាខាងលើនេះ ប្រសិនជាកន្លែងណា ហ៊ាននបំពានច្បាប់ លក់សំបុត្រថ្លៃលើសពីការកំណត់ ដែលសាលាក្រុង បានចេញសេចក្តីនែនាំរួចហើយ និងបានផ្សពផ្សាយតាមវិទ្យុ ទូរទស្សន៍ អាចឈានដល់ការឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ឲ្យរាងចាល ឬផ្អាកអាជីកម្មតែម្តង ៕ ដោយ ចិន្តា
Source from: watphnom-news.com