ឃាត់ខ្លួនឃាតកដែលកាប់គូជម្លោះ ស្លាប់ក្នុងថ្លុកឈាមកណ្តាលវាលស្រែ ក្បែរពិធីរាំធុងបាស់

ខេត្តកំពង់ឆ្នាំង ៖ ជនដៃដល់ដែលបានវាយ និងកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នៅភូមិសេរី ឃុំខុនរ៉ ស្រុកបរិបូរណ៍ ត្រូវសមត្ថកិច្ចប៉ូលីសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងប៉ូលីសស្រុកបរិបូរណ៍ ចាប់ខ្លួនបានម្នាក់ហើយ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ យកមកសាកសួរ ដើម្បីឈានទៅឃាត់ខ្លួន បក្ខពួកដែលរត់គេចខ្លួន ។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ គិត គៀត ភេទប្រុស អាយុ ២៧ឆ្នាំមានទីលំនៅ ក្នុងភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សូមរំលឹកថា បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ និងមានមនុស្សមួយចំនួនទៀត បានរងរបួស បន្ទាប់ពីមានការ ប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមជនរងគ្រោះ និងភាគីម្ខាងទៀត កាលពីវេលាម៉ោងជាង ១០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នៅភូមិសេរី ឃុំ ខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលបានស្លាប់ ក្នុងថ្លុកឈាម មានឈ្មោះ លន់ ឈួន ហៅលប ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅក្នុងថ្ងៃកើតហេតុ ក្រុមគ្រួសារលោក ភួង ហ៊ិន នៅក្នុងភូមិសេរី ឃុំខុនរ៉ង បានប្រារព្វពិធី ឡើងគេហដ្ឋានថ្មី ហើយនៅវេលាយប់ ក៏មានចាក់ធុងបាស់រាំលេងកំសាន្ត ហើយខ្លួនបានរាំ ប៉ះជើងឈ្មោះ លន់ ឈួន ជាជនរងគ្រោះ បង្កទៅជាជម្លោះវាយតប់ ឈានដល់ការកាប់សម្លាប់គ្នា នៅកណ្តាលវាលស្រែតែម្តង៕
Source from: watphnom-news.com