ឈ្មោះ សេង និងឈ្មោះ ហេង ជាប់លំដាប់កំពូល ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកជ្រៃធំ រាប់សិបតោនក្នុងមួយខែៗ

ខេត្តកណ្តាល ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកជ្រៃធំ ឆ្លងកាត់ផ្លូវជាតិលេខ២១បេ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ហើយក្នុងចំណោមឈ្មួញធំៗមានឈ្មោះ សេង និងឈ្មោះ ហេង ដែលគេស្គាល់ថា ជាឪពុកក្មេក និងជាកូនប្រសានឹងគ្នាកំពុងចេញមុខចេញមាត់ខ្លាំងជាងគេ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ គ្មាននរណាហ៊ានប៉ះពាល់នោះទេ សូម្បីតែលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល ដែលជិតដល់ពេលចូលនិវត្តន៍ទៅហើយនោះ ក៏រក្សាភាពស្ងៀមស្ងាត់ មិនដែលគិតគូរចាត់វិធានការក្តៅ ក្នុងការបង្ក្រាបជំនួញឈើខុសច្បាប់ តាមច្រកជ្រៃធំ ឲ្យមានប្រសិទ្ធភាពនោះទេ។
សេចក្តីរាយការណ៍ពីស្រុកកោះធំ បានឲ្យដឹងថា ឈ្មោះ សេង និងឈ្មោះ ហេង បានរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មកពីបណ្តាខេត្តនានា តាមផ្លូវជាតិលេខ៥ ឆ្លងកាត់រាជធានីភ្នំពេញ យកទៅស្តុកទុកនៅតាមឃ្លាំង ជាច្រើនកន្លែងក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ភាគច្រើនឈ្មោះ សេង និងឈ្មោះ ហេង ជ្រើសរើសយកទីតាំង ដែលស្ថិតនៅជាប់ដងទន្លេ ងាយស្រួលក្នុងការដឹកជញ្ជូន ឈើប្រណីតតាមផ្លូវទឹក និងតាមផ្លូវគោក ចេញទៅលក់ឲ្យឈ្មួញយួនតាមច្រកជ្រៃធំ។ ប៉ុន្មានសប្តាហ៍មុននេះ កម្លាំងនគរបាល បានចុះបង្ក្រាបទីតាំងស្តុកឈើប្រណីត មួយកន្លែង របស់ឈ្មោះ សេង និងឈ្មោះ ហេង ដែលមានតម្លៃជិត ៥០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ ដល់មុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មោះ សេង និងឈ្មោះ ហេង នោះទេ។
ជាធម្មតាឈ្មោះ សេង និងឈ្មោះ ហេង ដែលកំពុងក្លាយជា មេឈ្មួញដឹកឈើប្រណីត ឡើងដុះស្លែ ប្រចាំផ្លូវជាតិលេខ២១បេ មានទំនាក់ទំនងល្អ ជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយបើតាមប្រភពខ្សឹបខ្សៀវ ពីសមត្ថកិច្ចមួយចំនួនបានឲ្យដឹងថា ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមួយចំនួន បានចេញមុខសុំរត់ការបើកផ្លូវ ឲ្យមេឈ្មួញដុះស្លែទាំង ២នាក់នេះ យ៉ាងរលូនល្អបំផុត បើនិយាយពីសមត្ថកិច្ច ប៉ូលិស ទាហាន ប្រចាំការ នៅច្រកព្រំដែនជ្រៃធំ បានចេញមុខ ចេញមាត់ខ្លាំងជាងគេ ក្នុងការជួយសម្របសម្រួល រត់ការឲ្យឈ្មោះ សេង និងឈ្មោះ ហេង ដឹកជញ្ជូនឈើខុសច្បាប់ គ្មាននរណាហ៊ានប៉ះពាល់។
សមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលប្រចាំការតាមច្រកជ្រៃធំ ស្គាល់ឥទ្ធិពលអំណាច របស់ឈ្មោះ សេង និងឈ្មោះ ហេង យ៉ាងច្បាស់ គ្មាននរណាហ៊ានប៉ះពាល់ទេ ដោយពួកគេចាត់ទុកថា ការដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មោះ សេង និងឈ្មោះ ហេង កាន់តែសម្រុក គឺពួកគេអាចប្រមូលផលប្រយោជន៍ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត។ សូម្បីតែមន្ត្រីសាលាខេត្ត ដ៏មានអំណាចម្នាក់ ក៏ត្រូវបានឈ្មោះ សេង និងឈ្មោះ ហេង ទំនាក់ទំនងផ្តល់ផលប្រយោជន៍ ជាប់ជាប្រចាំដើម្បីយកទៅផ្គត់ផ្គង់ឆ្នាំងបាយ របស់ថ្នាក់ដឹកនាំខេត្តកណ្តាល យ៉ាងស្ងៀមស្ងាត់បំផុត ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ ទោះជាឡានដឹកឈើបើកឆ្លងកាត់ បន្ទាយទួលក្រសាំង សឹងខូងផ្លូវទៅហើយក៏ដោយ ក៏គ្មាននរណាហ៊ានចេញមុខ បង្ក្រាបដែរ។
សមត្ថកិច្ចតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា គ្រាន់តែអំឡុង មុននិងក្រោយ ចូលឆ្នាំថ្មីប្រពៃណីជាតិ គេសង្កេតឃើញឈ្មោះ សេង និងឈ្មោះហេង បានដឹកជញ្ជូនឈើប្រណីត តាមផ្លូវទឹកចេញទៅស្រុកយួន ជាច្រើនរយតោន ហើយទូកមួយគ្រឿងៗ ដែលឈ្មោះ សេង និងឈ្មោះ ហេង បានប្រើប្រាស់សម្រាប់ ដឹកជញ្ជូនឈើ ចេញតាមច្រកជ្រៃធំ មានចំណុះចាប់ពី ៣០ទៅ៤០ តោន ស្ថិតក្រោមការជួយសម្របសម្រួល របស់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ។លោក កែវ សំអាន ជាមេយោធា ប្រចាំស្រុកកោះធំ រួមទាំងលោក យស់ សុខា ជាមេវរៈការពារព្រំដែនលេខ៦០១ មានមូលដ្ឋានឈរជើង នៅស្រុកកោះធំ បានប្រើអំណាចរបស់ពួកគេ ជួយសម្របសម្រួល សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មោះ សេង និងឈ្មោះហេង ជាចំហ មិនដែលក្រែងញញើតអ្វីឡើយ។
គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើ តាមផ្លូវជាតិលេខ២១បេ និងផ្លូវជាតិលេខ១១០ ជាពិសេសការដឹកជញ្ជូនឈើ តាមផ្លូវទឹករបស់ឈ្មោះ សេង និងឈ្មោះ ហេង ឆ្លងកាត់ស្រុកស្អាង និងស្រុកកោះធំ យកទៅស្តុកទុកក្នុងឃ្លាំង ជាច្រើនកន្លែង ធ្វើតាមរបៀបចល័ត ដើម្បីបំភ័ន្តភ្នែកប្រជាពលរដ្ឋ អាចដំណើរការបានយូរប៉ុនណាទៀត នៅពេលដែល ថ្នាក់ដឹកនាំធំៗមួយចំនួន កំពុងតាមដានពីបញ្ហានេះ យ៉ាងយកចិត្តទុកដាក់។ ឈ្មោះ សេង និងឈ្មោះ ហេង គឺជាឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ដែលមានអំណាចនិងឥទ្ធិពល តាមរយៈការផ្តល់ផលប្រយោជន៍ ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ គ្មាននរណាខ្វល់ខ្វាយ ពីការបង្ក្រាបទេ ដូចដែលមន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលបានឡោមព័ទ្ធ ចាប់ឈើដែលមានតម្លៃជិត ៥០ម៉ឺនដុល្លារ របស់ឈ្មោះ សេង និងឈ្មោះ ហេង កាលពីពេលថ្មីៗ នេះ គ្រាន់តែជាផ្នែកតូចមួយ នៃជំនួញឈើខុសច្បាប់ របស់ពួកគេប៉ុណ្ណោះ៕
Source from: watphnom-news.com
No comments:
Post a Comment