នាំសង្សារទៅកម្សាន្ត នៅសួនសុបិនចំការព្រីង ដាច់កន្ត្រកធ្លាក់ទូររថភ្លើង របួស ៤នាក់

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុស-ស្រី ៤នាក់ ដែលជាគូសង្សារនឹងគ្នា បានរងរបួសធ្ងន់និងស្រាល ដោយសារតែដាច់កន្ត្រក ធ្លាក់ទូររថភ្លើងមកលើដី ខណៈដែលពួកគេកំពុងជិះកម្សាន្ត កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៤ នៅក្នុងមណ្ឌលកម្សាន្ត សួនសុបិនចំការព្រីង ស្ថិតក្នុងភូមិច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយម្ចាស់ទីតាំងបាន បញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងដោយសារ ដាច់ភ្លើងនិងគ្មានការទទួលខុសត្រូវ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង ៤នាក់ បានទៅលេងក្នុង មណ្ឌលកម្សាន្ត សួនសុបិនចំការព្រីង ហើយបាននាំគ្នា ឡើងជិះរថភ្លើង។ នៅពេលដែលកំពុងតែជិះនោះ ស្រាប់តែរទេះភ្លើង ដាច់កន្ត្រកហើយធ្លាក់ទូររថភ្លើង មកដល់ដី បណ្តាលឱ្យគូសង្សារវ័យក្មេង ២គូ ដែលជិះក្នុងទូររថភ្លើង រងរបួសធ្ងន់ស្រាល ។ ភ្លាមៗជនរងគ្រោះ ២នាក់ត្រូវបាន គេបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកមួយ នៅក្នុងខណ្ឌសែនសុខ ហើយជនរងគ្រោះ ២នាក់ទៀត បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុ មៈ ។
ជនរងគ្រោះរួមមានឈ្មោះ លី ម៉ានុត ភេទប្រុស អាយុ ២៧ឆ្នាំ ជានិស្សិតឆ្នាំទី៣ សាកលវិទ្យាល័យន័រតុន ស្នាក់នៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ របូសធ្ងន់ ឈ្មោះ គឹម សឿន ភេទស្រី អាយុ ២៣ឆ្នាំ ជាកម្មការនីកាត់ដេរ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ របួសធ្ងន់បែកក្បាល ពីក្រោយដេរ ៨ថ្នេរ ទាំង ២នាក់ជាគូសង្សារនឹងគ្នា។ ដោយឡែកឈ្មោះ ជុំ សុខុម អាយុ ១៧ឆ្នាំ ភេទប្រុស ជាសិស្ស រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ ភឿក ស្រីភ័ក្ត្រ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាំង ២នាក់ ជាគូសង្សារគ្នា៕
Source from: watphnom-news.com
No comments:
Post a Comment