លោក ថោង អុល ជាចៅក្រមឯកសម័យបុរសខ្លាំងដែលដល់អាយុចូលនិវត្តន៍ តែអាចបន្តបម្រើការងាររហូតដល់បីលើក

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបានការឯកភាពពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤កន្លងមក លោកចៅក្រម ថោង អុល ដែលមានអាយុ៦៥ឆ្នាំ ជាអាយុត្រូវដាក់ឲ្យចូលនិវត្តន៍ បច្ចុប្បន្នជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់នោះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ នៅលើព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៧ ត្រាស់បង្គាប់អនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀតដោយគ្មានកំណត់ពេលវេលា ដែលជាការអនុញ្ញាតឲ្យនៅបន្តការងារគម្រប់លើកទី៣ហើយ ។
លោកចៅក្រម ថោង អុល កើតថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៤៩ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានចូលបម្រើការងាររដ្ឋនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៦៨ ។ លោកត្រូវបានតែងតាំងជាចៅក្រមបម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញ ដោយក្រឹត្យលេខ៤៣ក្រ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៣ ។ បន្ទាប់មក លោកចៅក្រមរូបនេះត្រូវបានផ្លាស់ប្តូរឲ្យទៅបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ចាម ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣២ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ ។
បម្រើការងារនៅសាលាដំបូងខេត្តកំពង់ចាមបានរយៈពេល២ឆ្នាំ លោកចៅក្រម ថោង អុល ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងខេត្តកំពង់ចាម ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៦៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៧ ។
ក្នុងជន្មាយុ៦០ឆ្នាំ ដែលជាអាយុដល់ពេលត្រូវដាក់ឲ្យចូលនិវត្តន៍ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៣នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកចៅក្រម ថោង អុល ត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងាររយៈពេល១ឆ្នាំទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/១២១ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩ ។
ជាបន្តបន្ទាប់មកទៀត លោកចៅក្រម ថោង អុល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៦ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ ។
ក្នុងជន្មាយុ៦២ឆ្នាំ០៥ខែ លោកចៅក្រម ថោង អុល ដែលជាប្រធានសាលាដំបូងខេត្តពោធិ័សាត់ និងមានអាយុត្រូវដាក់ឲ្យចូលនិវត្តន៍នោះ ត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀតលែងកំណត់ពេលវេលា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ។
លុះមកដល់សព្វថ្ងៃ ខណៈដែលលោកចៅក្រម ថោង អុល មានអាយុ៦៥ឆ្នាំហើយនោះ ត្រូវបានអនុញ្ញាតឲ្យបន្តបម្រើការងារគ្មានកំណត់ពេលវេលាសាជាថ្មីទៀតគម្រប់លើកទី៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៧ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានប្រព័ន្ធតុលាការនៅកម្ពុជា បានលើកឡើងថា ដោយស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការដាក់ឲ្យចូលនិវត្តន៍ចៅក្រម និងព្រះរាជអាជ្ញាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅមានភាពមិនច្បាស់លាស់ និងគ្មានច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាអស់រយៈពេលជាង២០ឆ្នាំ ព្រមទាំងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៣នៃរដ្ឋសភា មិនបានល្អប្រសើរ ពោរពេញដោយការបោកប្រាស់ ធ្វើឲ្យការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលគ្មានឯករាជ្យភាពនោះ មានភាពត្រឡប់ត្រឡិន និងក៏បានជំរុញឲ្យលោកចៅក្រម ថោង អុល ជាមន្ត្រីតុលាការដង្ហែគណបក្សប្រជាជនកម្ពុជាយ៉ាងមុតមាំ ព្រមទាំងជាចៅក្រមធ្លាប់មានកំហុសឆ្គងកាលនៅបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាប់ឈ្មោះជា"ចៅក្រមឯក"សម័យបុរសខ្លាំង ដែលដល់អាយុចូលនិវត្តន៍ហើយ ប៉ុន្តែអាចទទួលការអនុញ្ញាតឲ្យនៅបន្តបម្រើការងាររហូតដល់ទៅ៣លើកជាបន្តបន្ទាប់ ៕
Source from: www.dtn7.com