មន្ត្រីតុលាការដែលធ្លាប់មានកំហុសឆ្គងត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍

មជ្ឈដ្ឋានអ្នកតាមដានវិស័យយុត្តិធម៌ និងប្រព័ន្ធតុលាការនៅកម្ពុជា បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមប្រជុំសម្រេចកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ នាំឲ្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ត្រាស់បង្គាប់តែងតាំងលោក សុខ រឿន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដ្បិតលោក សុខ រឿន ធ្លាប់ត្រូវបានឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្កេតស្រាវជ្រាវរកឃើញនូវកំហុសឆ្គងយ៉ាងច្រើននាពេលបម្រើការងារជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសលើករណីមិនប្តឹងឧទ្ធរណ៍ក្នុងនាមជាតំណាងអយ្យការត្រូវការពារបទចោទរបស់ខ្លួន និងមិនបំបេកសំណុំរឿងទៅតាមពេលវេលាដែលល្មើសបានប្រព្រឹត្ត ។
កំហុសឆ្គងច្រើនចំណុចរបស់លោក សុខ រឿន កាលនៅបម្រើការងារជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្កេតស្រាវជ្រាវរកឃើញ និងបានធ្វើរបាយការណ៍រាយការណ៍ជូនសម្តេចធអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០៥កន្លងទៅ ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបែរជាប្រជុំសម្រេចនាពេលថ្មីៗកន្លងទៅនេះ តែងតាំងលោក សុខ រឿន ឲ្យធ្វើជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ហើយទទួលបានងារជាឯកឧត្តមថែមទៀត ។
លោក សុខ រឿន កើតនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៥៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបានចូលបម្រើការងាររដ្ឋនាថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៣ ហើយត្រូវបានតែងតាំងក្នុងក្របខ័ណ្ឌចៅក្រម ដោយក្រឹត្យលេខ៤៤ក្រ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងមុខតំណែងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
នៅអំឡុងឆ្នាំ២០០១ លោក សុខ រឿន ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលជាង១០ឆ្នាំ ដោយមិនធ្លាប់បានផ្លាស់ប្តូរបុស្តិ៍ ព្រមទាំងប្រឡាក់ប្រឡូសនឹងកំហុសឆ្គងពេលបំពេញមុខងារជាច្រើនករណី រហូតទទួលបានការតែងតាំងសាជាថ្មីជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ប្រកបដោយកិត្តិយសនាពេលបច្ចុប្បន្ននេះ ៕
Source from: www.dtn7.com