ម្ចាស់ឡានតូយ៉ូតាព្រូសស្រវឹងធ្លាក់ភ្នែក បើកបុករនាំដែកមុខដេអិន ខ្ទាតទៅប៉ះអ្នកជិះម៉ូតូ

រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូស ដែលបើកបរដោយ អ្នកស្រវឹងធ្លាក់ភ្នែក បានជ្រុលទៅបុករះ របាំងចែកទ្រូងផ្លូវ ដួលរៀបដល់ដីចំនួន ១៥ផ្ទាំង ហើយបានខ្ទាតទៅប៉ះ ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ធ្វើដំណើរដោយប្តីប្រពន្ធនិងកូនតូច បណ្ដាលឲ្យរងរបួសស្រាលផងដែរ កាលពីវេលាម៉ោង ៥នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមេសា ២០១៤ នៅចំណុចមហាវិថី សហព័ន្ធរុស្ស៊ី ទល់មុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
រថយន្តបង្ក ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-4584 បើកបរ ដោយបុរសម្នាក់ និងរួមដំណើរជាមួយមិត្តភ័ក្ត ម្នាក់ទៀត។ ចំណែកឯម៉ូតូ ដែលត្រូវរនាំងដែក ខ្ទាតទៅប៉ះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-1174 ជិះគ្នា ៣នាក់ ប្តីប្រពន្ធនិងកូនតូច។ សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត តូយ៉ូតាព្រូស ពណ៌ស មួយគ្រឿង ជិះគ្នា ២នាក់ បើកតាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរ៉េចង្កូតទៅបុក រនាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ ១៥ផ្ទាំង។
រនាំងដែកក៏បានខ្ទាត ទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ដែលជិះ ៣នាក់ប្តីប្រពន្ធនិងកូនតូច បណ្តាលឱ្យ រងរបួសស្រាល ហើយរថយន្តបង្ក បើកទៅមុខលែងរួច។ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោលតែម្តង រីឯអ្នកបើកម៉ូតូសេ១២៥ ដោយមិនរបួសធ្ងន់នោះ ក៏មិនបានដាក់ពាក្យបណ្តឹងដែរ ដោយគ្រាន់លើកម៉ូតូ ជិះចេញទៅបាត់តែម្ដង។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនង ជាមួយនគរបាលជំនាញ យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ចូលខ្លួន មកដោះស្រាយសំណង៕
Source from: watphnom-news.com
No comments:
Post a Comment