នារីវ័យក្មេងស្រវឹងធ្លាក់ភ្នែក បើកឡានបុកបង្គោលភ្លើងបែកអំពូលខ្ចាយ នៅវេលាទៀបភ្លឺ

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បើករថយន្ត យ៉ាងលឿនទាំងស្រវឹង បួងចង្កូតបត់ឆ្វេងមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ធ្លាក់បែកអំពូលភ្លើង ហើយរថយន្តខ្ទាតទៅបោក ជាមួយតូបយាមរបស់សន្តិសុខ កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២២ ខែមេសា នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ អាយុជាង ២០ឆ្នាំ ប្រហែលដើរផឹកស៊ី ជាមួយមិត្តភក្តិ ស្រវឹងធ្លាក់ភ្នែក ហើយបានបើករថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ី ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរតាម មហាវិថីព្រះនរោត្តម ពីត្បូងទៅជើង បើកក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ រថយន្តបត់ឆ្វេងបួងចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ នៅជិត បង្គោលភ្លើងស្តុប បណ្តាលឲ្យក្រពឹតស្រុញ ធ្លាក់អំពូលភ្លើងបែកខ្ចាយ។
ដោយសារមិនទាន់អស់ល្បឿន រថយន្តបានវេគូទវាត់ទៅនឹង តូបយាមរបស់សន្តិសុខ ធ្វើឲ្យតូបខ្ទាតជិតកន្លះម៉ែត្រ បែកបង្អួចកញ្ចក់ រងការខូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុ អ្នកបើកបរបានចុះ ពីលើរថយន្តគេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោល នៅកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តបង្កត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ សំណងខូចខាត តាមផ្លូវច្បាប់ ៕
Source from: watphnom-news.com