លោក សំ សុខជា ប្រឹងប្រមូលលុយពីឈ្មួញយកទៅបង់ឲ្យលោក ហែម មុន្នី មិនញញើតពីសេចក្តីក្រើនរំលឹក របស់អគ្គស្នងការនគរបាលជាតិ

ខេត្តកណ្តាល ៖ មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចុះទៅប្រចាំការ នៅខេត្តកណ្តាល ក្រោមបញ្ជារបស់លោក ហែម មុន្នី បានបង្កព្យុះភ្លៀង តាមតែទំនើងចិត្ត ក្នុងការបង្កើតប៉ុស្តិ៍ជជុះ ប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយតាមរបៀបពុករលួយ តាមផ្លូវជាតិលេខ២១បេ ពីចន្លោះក្រុងតាខ្មៅ រហូតដល់ច្រកព្រំដែនជ្រៃធំ ហើយមិនដឹងថាលោក សំ សុខជា ខំប្រឹងប្រែងប្រមូលលុយ យ៉ាងអនាធិបតេយ្យ យកទៅបង់ជូនរបស់លោក ហែម មុន្នី ដែលជាមេកើយ ក្នុងមួយខែៗប៉ុន្មាននោះទេ អាចនិយាយបានថាលោក សំ សុខជា និងលោក ហែម មុន្នី បានយកបទបញ្ជារបស់ថ្នាក់លើ ទៅស្វែងរកផលប្រយោជន៍ ច្រកហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បានឲ្យដឹងថា នៅតាមផ្លូវជាតិលេខ២១បេ គេសង្កេតឃើញលោក សំ សុខជា បានដាក់ប៉ុស្តិ៍ជជុះឡើងដុះស្លែទៅហើយ ចាំប្រមូលលុយពីក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងយប់ទាំងថ្ងៃ និងមានត្រៀមរថយន្ត សម្រាប់ប្រដេញតាមឡានដឹកទំនិញ ដែលភ្លេចចូលបង់លុយ យ៉ាងប្រសេចប្រសាចផងដែរ។ លោក សំ សុខជា បានកាន់កាប់ ផ្លូវជាតិលេខ២១បេ សឹងផ្តាច់មុខទៅហើយ ក្នុងការដាក់ប៉ុស្តិ៍ជជុះ កោសរូស បង្ខំឲ្យប្រជាពលរដ្ឋ រកស៊ីដឹកជញ្ជូនកសិផល និងទំនិញបន្តិចបន្តួចបង់លុយ ហើយសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូនទំនិញ ខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ សុទ្ធតែជាប់កាតព្វកិច្ច ចូលបង់លុយឲ្យ កូនចៅរបស់របស់លោក ហែម មុន្នី មិនដែលហ៊ាន មើលរំលងទេ។
ពេលខ្លះប្រជាពលរដ្ឋទិញគោ ពីតាមភូមិយកទៅប្រើប្រាស់ ក៏រងនូវការបង្ខំ ឲ្យបង់លុយពីសំណាក់ នគរបាលសេដ្ឋកិច្ច របស់លោក ហែម មុន្នី កើតទៅជារឿងឈ្លោះប្រកែកគ្នា ផ្អើលអ្នកដំណើរតាមផ្លូវ ហាក់ដូចជាគ្មានសេចក្តីថ្លៃថ្នូរទាល់តែសោះ។ ក្រុមឈ្មួញបានខ្សឹបឲ្យដឹងថា លោក សំ សុខជា កំពុងតែបង្កព្យុះភ្លៀង នៅតាមផ្លូវជាតិលេខ២១បេ ក្នុងការកោសរូស ឲ្យក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ ចូលបង់លុយ ឬជូនដំណឹងជាមុន ទៅកាន់លោក សំ សុខជា ទើបអាចចៀសផុតពី ការរំខានផ្សេងៗ។ លោក សំ សុខជា មិនដែលក្រែងញញើត ពីបទបញ្ជាឬសេចក្តីណែនាំ របស់ថ្នាក់លើម្តងណាឡើយ ក៏ព្រោះតែឈ្មោះ សំ សុខជា សំអាងថា គាត់បានទិញផ្លូវជាតិលេខ២១បេ ផ្តាច់មុខពី លោក ហែម មុន្នី។
ជាគោលការណ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជូនមន្ត្រី នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យចុះតាមបណ្តាប៉ុស្តិ៍ និងតាមបណ្តាខេត្ត ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងស្រង់ទិន្នន័យ ពីបទល្មើសសេដ្ឋកិច្ច ដើម្បីរាយការណ៍មកថ្នាក់លើ ឬសុំកម្លាំងសហការ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការបង្ក្រាប បទល្មើសសេដ្ឋកិច្ច។ ពេលខ្លះលោក សំ សុខជា បានអួតអាងប្រាប់ឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញជាច្រើន អំពីការប្រមូលលុយ យកទៅបង់ជូនលោក ហែម មុន្នី ឲ្យបានទាន់ពេលវេលា និងគ្រប់ចំនួន ប៉ុន្តែគេមិនច្បាស់ទេថា តើក្នុងមួយខែៗលោក សំ សុខជា បង់លុយថ្លៃទិញផ្លូវជាតិលេខ២១បេ ឲ្យទៅលោក ហែម មុន្នី ក្នុងចំនួនប៉ុន្មាននោះទេ ទើបគាត់មានសិទ្ធិអំណាចធំធេង បង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិនក្រែងញញើតពីសេចក្តីក្រើនរំលឹក របស់អគ្គស្នងការនគរបាលជាតិ សូម្បីតែប៉ុនសរសៃសក់៕
Source from: watphnom-news.com