ចោរថ្លើមធំគាស់ផ្ទះមន្ត្រីយោធា លួចយកទ្រព្យសម្បត្តិ និងលុយកាក់ អស់ជាង ៣ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់បានប្តឹង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីផ្ទះរបស់គាត់ ត្រូវចោរគាស់ទ្វារ លួចទ្រព្យសម្បត្តិអស់រលីង ក្នុងនោះរួមមានអាវុធខ្លី គ្រឿងអលង្ការ វិទ្យុទាក់ទង និងលុយសរុបអស់ប្រហែល ៣ម៉ឺនដុល្លារអាមេរិក កាលពីវេលាម៉ោង ៧និង៣០ នាទីព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីយោធាជាម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះថុន សាមឺឌី ភេទប្រុស អាយុ ៣២ឆ្នាំ បានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ គាត់និងក្រុមគ្រួសារទាំងអស់ មានសមាជិក ៩នាក់ បាននាំគ្នាចេញទៅធ្វើការរៀងៗខ្លួន ដោយចាក់សោទ្វារផ្ទះនិងរបង យ៉ាងត្រឹមត្រូវ លុះដល់ម៉ោង ៧និង៣០ នាទី ពួកគេបានមកជួបជុំគ្នា ត្រឡប់មកពីធ្វើការវិញ ក៏ស្រាប់តែឃើញទ្វារផ្ទះមានស្នាមគាស់ទម្លុះទម្លាយ ហើយពេលចូលក្នុងបន្ទប់ ត្រូវចោររើកកាយ លួចយកទ្រព្យសម្បត្តិ សំខាន់ៗអស់រលីង។
ទ្រព្យសម្បត្តិដែលចោរ លួចយកទៅនោះរួមមាន គ្រឿងអលង្ការ ចិញ្ចៀនដាំត្បូងពេជ្រ ចំនួន ៤វង់ ខ្សែ.កមាស ចំនួន ៣ខ្សែ ខ្សែដៃ ៤ខ្សែ ក្រវិល ៣គូរ និងប្រាក់ដុល្លារ ២៦០០ ដុល្លារ លុយខ្មែរ ២០ ម៉ឺនរៀល គិតជាទឹកប្រាក់សរុប អស់ប្រមាណជាង ៣ម៉ឺនដុល្លារ។ ក្រៅពីសម្ភារៈលុយកាក់ និងគ្រឿងអលង្ការ ជនរងគ្រោះអះអាងថា បានបាត់អាវុធខ្លី មួយដើមម៉ាក CF.98 លេខ 0914 មានគ្រាប់ចំនួន ១៥គ្រាប់ក្នុងបង់ និងបាត់កុំព្យូទ័រ ប្រភេទលេបថប មួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿង ផងដែរ៕
Source from: watphnom-news.com