គ្រាន់តែរឿងផឹកស្រាតិចនិងច្រើន ព្រួតគ្នាវាយបុរសម្នាក់ផុងលលាដ៍ក្បាល ទាំងយប់អធ្រាត

ខេត្តព្រះសីហនុ ៖ យុវជនជាជាងផ្សារដែកម្នាក់ ត្រូវបានបងប្អូនមិត្តភ័ក្តិ ហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ចំការចេក ដឹកយកមកព្យាបាល បន្ទាប់ពីអ្នកធ្វើការជាមួយគ្នា វាយផុងលលាដ៍ក្បាល ត្រង់លើចឹញ្ចើមខាងឆ្វេង កាលពីវេលាម៉ោង ២៣និង០០ នាទី ត្រង់ចំណុចរោងចក្រធ្យូងថ្ម ស្ថិតក្នុងភូមិ៤ សង្កាត់អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសារតែរឿងជម្លោះ ផឹកស្រាតិចនិងច្រើន។
ជនរងគ្រោះមានឈ្មោះ លុយ សុជា ភេទ ប្រុស អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកទឹកឈូ ខេត្តកំពត មានមុខរបរជា ជាងផ្សារដែក បាននិយាយតិចៗថា រឿងរ៉ាវដែលធ្វើឲ្យខ្លួន មានរងរបួសធ្ងន់ផុងលលាដ៍ក្បាលនេះ វាគ្មានរឿងអ្វីធំដុំនោះទេ គឺកើតឡើងដោយសារតែ ការចង់ចាញ់ឈ្នះរបស់ជនសង្ស័យ ពេលផឹកស៊ីតែប៉ុណ្ណោះ។ នៅមុនកើតហេតុ ជនរងគ្រោះ រួមជាមួយមិត្ត ២នាក់ទៀត បានបបួលគ្នាផឹកស៊ី នៅក្បែរកន្លែងធ្វើការ ដោយមានជនសង្ស័យចំនួន ៣ នាក់ផ្សេងទៀត ចូលរួមផងដែរ។ រហូតដល់ម៉ោង ២៣យប់ ក៏មានការប្រកែកសំដីគ្នា រឿងផឹកតិច ផឹកច្រើន ទើបកើតជារឿងបែបនេះ ទៅដោយក្រុមជនសង្ស័យ បានព្រួតគ្នាវាយមកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់។
ជនបង្កទាំង ៣នាក់នោះ មានឈ្មោះ ណែត ឈ្មោះ ណាក់ និងឈ្មោះ រឿន មានមុខរបរជាកម្មករសំណង់ នៅការដ្ឋានជាមួយគ្នា។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ចំកាចេក ខេត្តព្រះសីហនុ ដឹកយកមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្ត ហើយចំណែកជនបង្កទាំង៣ នាក់ បានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួន៕
Source from: watphnom-news.com