មហន្តរាយលិចនាវា SEWOL របស់កូរ៉េចំនឹងកាលបរិច្ឆេទលិចនាវាយក្ស TITANIC កាលពី១០២ឆ្នាំមុន បណ្តាលឲ្យមានការចាប់អារម្មណ៍

នៅដើមឆ្នាំ២០១៤នេះ ក្នុងទ្វីបអាស៊ីមានលេចចេញហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលចំនួន២ធំៗជាប់ៗគ្នា គឺការបាត់ខ្លួនយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សចំនួន២៣៩នាក់ក្នុងយន្តហោះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ និងការក្រឡាប់លិចនាវា SEWOL ទម្ងន់៦.៨២៥តោន ផ្ទុកអ្នកដំណើរចំនួន៤៧៦នាក់ ភាគច្រើនជាសិស្សានុសិស្សវិទ្យាល័យរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ។
ករណីបាត់ខ្លួនយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ក្នុងទិសដៅពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងមនុស្សក្នុងយន្តចំនួន២៣៩នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤នោះ គឺមានរយៈពេលជិត២ខែហើយ ប៉ុន្តែទាំងមនុស្ស ទាំងយន្តហោះ មិនទាន់ស្វែងរកឃើញនៅឡើយ ខណៈដែលនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានអះអាងថា យន្តហោះបានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង និងបានសម្លាប់អ្នកដំណើរក្នុងយន្តហោះទាំងអស់ ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានប្រកាសត្រៀមខ្លួនចេញសារលិខិតរំលែកទុក្ខ និងបង់ប្រាក់ជូនក្រុមគ្រួសារ សាច់ញាតិអ្នកដំណើរក្នុងយន្តហោះបាត់ខ្លួនទាំងអស់ តែសាច់ញាតិអ្នករងគ្រោះទាំងនោះមិនទទួលយក និងទាមទារឲ្យបង្ហាញនូវព័ស្តុតាង និងមូលហេតុជាក់លាក់ដែលបាត់ខ្លួនយន្តហោះនោះផង រហូតដល់មានការធ្វើបាតុកម្ម និងចាប់បង្ខាំងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីប្រមាណ១០នាក់ ក្នុងសណ្ឋាគារនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងមកថែមទៀត ។
ដោយឡែក ករណីក្រឡាប់លិចនាវា SEWOL ផ្ទុកអ្នកដំណើរចំនួន៤៧៦នាក់ ដែលភាគច្រើនជាសិស្សានុសិស្សវិទ្យាល័យរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ដែលបន្សល់ទុកនូវមនុស្សជាង៣០០នាក់ស្លាប់ និងបាត់ខ្លួននោះ គឺបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការលិចនាវាកូរ៉េខាងត្បូងនេះចំនឹងកាលបរិច្ឆេទលិចនាវាកម្សាន្ត TITANIC កាលពី១០២ឆ្នាំមុន ដែលមានមនុស្សស្លាប់ចំនួន១.៥០០នាក់ ក្នុងចំណោមអ្នកដំណើរក្នុងនាវាចំនួន២.២០០នាក់ ។
រយៈពេល១១ថ្ងៃក្រោយហេតុការណ៍លិចនាវា SEWOL ដែលជាគ្រោះមហន្តរាយជីវិតមនុស្សយ៉ាងធំធេងនោះ ឯកឧត្តម Chung Hong-Won នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូង បានប្រកាសលាលែងពីមុខតំណែងនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០១៤នេះ បន្ទាប់ពីនាវឹករបស់នាវាត្រូវបានចាប់ខ្លួន និងនាយកសាលាទទួលបន្ទុកដឹកនាំសិស្សានុសិស្សធ្វើដំណើរកម្សាន្ត បានចងកសម្លាប់ខ្លួន ។
ឯកឧត្តម Chung Hong-Won នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា "រឿងត្រឹមត្រូវសម្រាប់ខ្ញុំធ្វើ គឺការទទួលខុសត្រូវ និងការលាលែងពីមុខតំណែង" ។ ឯកឧត្តមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងក៏បានធ្វើការសុំអភ័យទោសក្នុងនាមជារដ្ឋាភិបាលចំពោះគ្រោះថ្នាក់មហន្តរាយស្លាប់មនុស្ស និងវិធានការឆ្លើយតបពុំសូវមានប្រសិទ្ធភាពនិងឲ្យបានលឿនទាន់ពេលវេលា៕



Source from: www.dtn7.com

Loading...
Loading...