រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលអាវុធហត្ថចំនួន១.០០០នាក់បន្ថែមទៀត

រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិធ្វើការជ្រើសរើសពលអាវុធហត្ថចំនួន១.០០០នាក់បន្ថែមទៀត សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អត្តលេខ០០០១០៥ ជាមេបញ្ជាការ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ។
ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលសម្រេចឲ្យក្រសួងការពារជាតិជ្រើសរើសពលអាវុធហត្ថចំនួន១.០០០នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនោះ គឺយោងតាមសេចក្តីសម្រេចលេខ៤៨សសរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យយោធានៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា តែប្រើប្រាស់កងកម្លាំងអាវុធហត្ថដើម្បីទប់ទល់ និងបង្ក្រាបទៅលើសកម្មភាពនៃការធ្វើបាតុកម្មតវ៉ាផ្សេងៗចំពោះរាជរដ្ឋាភិបាល ហើយជាមួយគ្នានេះដែរ កងកម្លាំងអាវុធហត្ថក៏ធ្លាប់ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ទាក់ទងនឹងការប្រើប្រាស់អំពើហិង្សាប្រដាប់អាវុធបាញ់បោះទៅលើប្រជាពលរដ្ឋ ជនស្លូតត្រង់ជាបាតុករ ៕
Source from: www.dtn7.com