គ្លីនិកឯកជន ហំ សម្បត្តិ ចាក់ថ្នាំព្យាបាលនារីវ័យក្មេងម្នាក់ចំនួន៣ម្ជុលធ្វើឲ្យប្រតិកម្មថ្នាំសន្លប់ស្តូកស្តឹង តែមិនទទួលខុសត្រូវ

ស្ត្រីវ័យក្មេងម្នាក់ទទួលរងនូវប្រតិកម្មថ្នាំរហូតដល់ថ្នាក់សន្លប់ស្តូកស្តឹងពេលមកដល់លំនៅឋានវិញ បន្ទាប់ពីគ្រូពេទ្យព្យាបាលនៅគ្លីនិកឯកជនមួយឈ្មោះ ហំ សម្បត្តិ មានទីតាំងឋិតនៅបណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាក់ថ្នាំបំបាត់ការចុកពោះចំនួន៣ម្ជុល នៅវេលាម៉ោង០៩និង៣០នាទីព្រឹក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ ដោយមិនទទួលខុសត្រូវទាល់តែសោះ ។
នារីរងគ្រោះដែលទទួលរងប្រតិកម្មថ្នាំរហូតសន្លប់ស្តូកស្តឹង បន្ទាប់ពីបានចាក់ថ្នាំព្យាបាលចំនួន៣ម្ជុលនៅគ្លីនិក ហំ សម្បត្តិ នោះ មានឈ្មោះ ដួង សម្ផស្ស អាយុ២១ឆ្នាំ មុខរបរជាអ្នករត់តុកាហ្វេ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ។ រីឯគ្រូពេទ្យព្យាបាលដែលចាក់ថ្នាំឲ្យអ្នកជំងឺមានប្រតិកម្មនោះ មិនត្រូវបានស្គាល់ឈ្មោះឡើយ ។
ប្រភពព័ត៌មានពីសាច់ញាតិស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឈឺចុកពោះ ហើយជនរងគ្រោះមិនចេះលេបថ្នាំ ទើបជិះទោចក្រយានយន្តទៅគ្លីនិកឯកជន ហំ សម្បត្តិ ដើម្បីចាក់ថ្នាំបំបាត់ការចុកពោះ ។ នៅពេលនារីរងគ្រោះទៅដល់គ្លីនិកនេះ គ្រូពេទ្យព្យាបាលក៏បានចាក់ថ្នាំឲ្យអ្នកជំងឺចំនួន៣ម្ជុលបំបាត់ការឈឺចុកចាប់ រួចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។ ខណៈមកដល់លំនៅឋានបានមួយសន្ទុះ នាង ដួង សម្ផស្ស ជានារីរងគ្រោះក៏សន្លប់ស្តូកស្តឹងតែម្តង ។ ដោយឃើញស្ថានភាពជំងឺមិនស្រួល ក្រុមសាច់ញាតិក៏បានដឹកស្ត្រីរងគ្រោះទៅគ្លីនិក ហំ សម្បត្តិ វិញ តែម្ចាស់គ្លីនិកនេះមិនព្រមទទួលព្យាបាលស្ត្រីរងគ្រោះទេ ។ លើសពីនេះ ពេលដឹកទៅព្យាបាលនៅគ្លីនិកផ្សេងៗទៀត ក៏គ្រូពេទ្យមិនទទួលព្យាបាលដែរ ដោយប្រាប់ថា ជនរងគ្រោះប្រតិកម្មថ្នាំធ្ងន់ធ្ងរ ។ ទីបំផុត ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។
ក្រុមប្រជាពលរដ្ឋរស់នៅក្បែរទីតាំងគ្លីនិកឯកជន ហំ សម្បត្តិ បានធ្វើការរិះគន់ថា គ្លីនិកនេះហាក់គ្មានគ្រូពេទ្យជំនាញព្យាបាលជំងឺទេ ដ្បិតជារឿយៗមានអ្នកជំងឺជាច្រើននាក់ដែលធ្លាប់ទៅទទួលសេវាព្យាបាលជំងឺនៅគ្លីនិកនោះ តែងរអ៊ូររទាំថា គ្រូពេទ្យចាក់ថ្នាំនៅគ្លីនិក ហំ សម្បត្តិ យកតែលុយពីអ្នកជំងឺ ដោយមិនខ្វល់ពីការជាសះស្បើយ ឬផលវិបាកកើតមានចំពោះអ្នកជំងឺឡើយ ។ ក្រុមប្រជាពលរដ្ឋបានសំណូមពរឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលមេត្តាចុះត្រួតពិនិត្យទៅលើសមត្ថភាពជំនាញនៃគ្រូពេទ្យព្យាបាលនៅគ្លីនិកឯកជន ហំ សម្បត្តិ នោះផង ។
ម្ចាស់គ្លីនិកឯកជន ហំ សម្បត្តិ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំធ្វើការបំភ្លឺបញ្ជាក់បានឡើយ ទាក់ទងនឹងរឿងអាស្រូវនេះ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ៕
Source from: www.dtn7.com