ក្រុមចោរជិះឡានបាឡែន ប្រើល្បិចចូលដូរលុយ បន្លំយកគ្រឿងអលង្ការ អស់ជាង ១០តម្លឹង

ខេត្ដកំពង់ស្ពឺ ៖ ជនសង្ស័យ ៣នាក់ បានជិះរថយន្ដ កាមរីបាឡែន មួយគ្រឿង បន្លំចូលទៅដូរលុយ ហើយធ្វើសកម្មភាព បន្លំយកមាសគេចខ្លួនបាត់ កាលពីវេលាម៉ោង ៧និង៣០ នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រៃពង្រឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ហើយគ្រឿងអលង្ការ ដែលជនសង្ស័យយកទៅនោះ មានទម្ងន់ ១០តម្លឹង ។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ សោ យ៉ាត ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិ- ឃុំ កើតហេតុខាងលើ ជាអ្នកប្រកបរបរដូរលុយ និងលក់គ្រឿងអលង្ការ។ ស្ដ្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានរៀបចំ និងយកគ្រឿងអលង្ការ ដាក់ក្នុងទូ ស្រាប់តែមានមនុស្ស ៣នាក់ ជិះរថយន្ដកាមរីបាឡែន ពណ៌ស បានមកសួរគាត់សុំដូរលុយ ដោយគេយកលុយខ្មែរ មកដូរយកលុយដុល្លារ ។
ពេលនោះគាត់បានយកលុយដុល្លារ ហើយអង្គុយរាប់លុយខ្មែរ ជាមួយជន ២នាក់ ហើយក៏បានឃើញជនម្នាក់ទៀត ដើរទៅខាងក្រោយ ដោយគាត់មិនបាន ចាប់អារម្មណ៍នោះទេ ស្រាប់តែជននោះ ដើរចេញមកវិញហើយចូល ទៅក្នុងរថយន្ដបាត់ ទើបជន ២នាក់ ទៀតក៏ ឡើងជិះរថយន្ដ ចេញទៅបាត់ទៅ ។ ពេលស្ត្រីរងគ្រោះរកបង្វិច ដាក់គ្រឿងអលង្ការ យកមកដាក់តាំងក្នុងទូ តែរកមិនឃើញ ក៏ផ្អើលស្រែកឆោឡោ និងប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្តង៕
Source from: watphnom-news.com