ឆ្លងចរន្តឆាបឆេះបង្គោលភ្លើងផ្អើលទាំងព្រឹក សំណាងល្អមិនឆ្លងរាលដាល ដល់ផ្ទះអ្នកស្រុក

ខេត្តកណ្តាល ៖ បង្គោលភ្លើងមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ត្រូវបានអគ្គិភ័យឆាបឆេះ ខ្សែភ្លើងទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលមានផ្ទះ នៅក្បែរបង្គោល ហើយនគរបាលបានចុះ ទៅជួយពន្លត់បានទាន់ពេលវេលា ដោយក្នុងនោះបានប្រើ រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ១គ្រឿង ទើបរលត់ទៅវិញ ហើយការឆាបឆេះខ្សែភ្លើងនេះ គឺបណ្តាលមកឆ្លងចរន្ត កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាល ដែលចុះទៅពន្លត់អគ្គិភ័យ បានឲ្យដឹងថា ការឆាបឆេះខ្សែភ្លើងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះ ចេញជាអណ្តាតភ្លើងតែម្តង ហើយក្នុងនោះកម្លាំងនគរបាល បានប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ១គ្រឿង ទើបរលត់ទៅវិញទាំងស្រុង ហើយការឆាបឆេះនេះ មិនបណ្តាលឲ្យឆេះរាល ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលនៅក្បែរខាងនោះទេ ដោយសារតែកម្លាំងនគរលបាល ចុះទៅពន្លត់ទាន់ពេលវេលា គ្រាន់តែរងការខូចខាតខ្សែភ្លើង មួយចំនួនប៉ុណ្ណោះ ។
មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅ ក្បែរបង្គោលភ្លើងដែលឆ្លងចរន្ត បានឮសំឡេងផ្ទុះចេញពីបង្គោលភ្លើងកើតហេតុ បន្តិចក្រោយមក ស្រាប់តែឃើញអណ្តាតភ្លើង ឆាបឆេះចេញមកយ៉ាងសន្ធោរសន្ធៅតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅក្បែរបង្គោលភ្លើង ជាពិសេសផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់នឹងបង្គោលភ្លើងកើតហេតុនោះ មានការព្រួយបារម្មណ៍ ខ្លាចឆេះរាលដាល ដល់ផ្ទះរបស់ពួកគេ ប៉ុន្តែដោយសារតែ មានការអន្តរាគមន៍ ទាន់ពេលវេលា ទើបពុំបណ្តាលឲ្យប៉ះពាល់ ដល់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ៕
Source from: watphnom-news.com