ខឹងយុវជនមួយក្រុមព្រួតវាយធ្វើបាប គប់គ្រាប់បែកក្នុងពិធីរាំធុងបាស់ របួសអ្នកភូមិ ១៥នាក់

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន ១៥នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងព្រឹត្តិការណ៍ វាយប្រហារដោយគ្រាប់បែកដៃ ចូលទៅក្នុងពិធី រាំធុងបាស់មួយ កាលពីវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី២៣ ខែឧសភាស្ថិតនៅក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយជនសង្ស័យ បំផ្ទុះគ្រាប់បែកនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២៤ ខែឧសភា។
អធិការនគរបាលស្រុកទឹកផុស លោកវរសេនីយត្រី ខែម វិបុល បានអោយដឹងថា ក្នុងចំណោមមនុស្សរងរបួសទាំង ១៥នាក់នោះ មនុស្ស ៣នាក់រងរបួសធ្ងន់ និង ១២នាក់ ផ្សេងទៀត រងរបួសស្រាល។ នៅមុនពេលកើតហេតុ គេបានឃើញ អ្នកភូមិម្នាក់ឈ្មោះ ហេហេង បាននាំអ្នកភូមិ ចាក់ធុងបាស់ថ្មី ដែលទើបនឹងទិញ ហើយបន្ទាប់ពីរាំលេងកំសាន្ត បានប្រមាណកន្លះម៉ោង ស្រាប់តែគេបានឮ សម្លេងផ្ទុះលាន់ឡើង ចម្ងាយពីកន្លែងរាំវង់ ប្រមាណ ២០ម៉ែត្រ ដែលភ្លាមៗនោះ មានមនុស្ស ១៥នាក់ រងរបួសធ្ងន់និងស្រាល។
ជនសង្ស័យឈ្មោះ កូវ ធីប អាយុ ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ២ម៉ោង ក្រោយមក ហើយគ្រាប់បែក ដែលជនសង្ស័យគប់ចូល ទៅក្នុងពិធីរាំធុងបាស់នោះ ជាប្រភេទគ្រាប់បែកដៃ ក្រឡាទៀប ផលិតនៅប្រទេសសូវៀត។ ជនសង្ស័យបានសារភាពថា គ្រាប់បែកដៃនេះ រូបគេរើសបានពីលើភ្នំមួយ ក្នុងពេលដែលទៅឃ្វាលក្របី និងយកមករក្សាទុក នៅផ្ទះប្រមាណ ៣ខែមកហើយ។ ជនសង្ស័យបន្តថា មូលហេតុដែលរូបគេគប់គ្រាប់បែកនេះ ដោយសារតែរូបគេស្អប់ យុវជនមួយក្រុម មកពីភូមិទំនប់ថ្មី ដែលមានគ្នាច្រើន ចង់ព្រួតវាយខ្លួនមានតែម្នាក់ឯង៕
Source from: watphnom-news.com