មេឈ្មួញ លឹម ប៊ុណ្ណា និងលោក ហ៊ុន ជា ដឹកជញ្ជូនឈើប្រណីត ចេញពីស្រុកកោះញែក តាមច្រកដាក់ដាំ និងច្រកណាំលៀ ដូចគេហែបុណ្យផ្កា

ខេត្តមណ្ឌលគិរី ៖ រៀងរាល់យប់ថ្ងៃ រថយន្តដឹកជញ្ជូនឈើខុសច្បាប់ ប្រភេទកាមរី ស្វិតកាមរីគូទហើម ទ្បង់គ្រីស័រ និងរថយន្តច្នៃ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដូចគេហែបុណ្យផ្កា នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដែល ប្រចាំការតាមដងផ្លូវ មិនដែលយកចិត្តទុកដាក់ បង្ក្រាបម្តងណាទ្បើយ បើទោះបីជាការដឹកជញ្ជូនឈើទាំងនោះ បានបំពានបទបញ្ជា របស់សម្តេច ហ៊ុន សែន ជាចំហក៏ដោយ ក៏ព្រោះតែឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ បានបង់លុយជាប់ជាប្រចាំ ឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញទាំងនោះ ទើបអ្វីៗអាចដំណើរការ ដោយរលូនគ្មានការបង្ក្រាប។
មេឈ្មួញដែលចេញមុខចេញមាត់ ខ្លាំងជាងគេសឹងតែប៉ាវ ផ្តាច់ទៅហើយ សម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ រួមមាន មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា ដោយមានសមត្ថកិច្ច មួយចំនួនជាអ្នក សម្របសម្រួលរត់ការ ស្ពាយលុយទៅបង់ជូន មន្ត្រីជំនាញរបស់លោក កែប កត់។ ការដឹកជញ្ជូនឈើ របស់មេឈ្មួញ លឹម ប៊ុណ្ណា និងលោក ហ៊ុន ជា បានកើតទ្បើងជាយូរយារ ណាស់មកហើយ មិនដែលមានការបង្ក្រាប ទោះជាអំទ្បុងពេលមានការរឹតបន្តឹង ក៏មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា សម្រុកដឹកជញ្ជូនឈើ តាមច្រកដាក់ដាំ យ៉ាងរំភើយ ក៏ព្រោះតែប្រធានច្រកដាក់ដាំ រួមទាំងមេគយប្រចាំច្រកនេះ ឈ្មោះ ម៉ៅ តារា ជាអ្នកជួយសម្របសម្រួល ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។
ក្នុងមួយយប់ៗរថយន្តដឹកជញ្ជូនឈើ គ្រប់ប្រភេទរបស់ មេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា ធ្វើដំណើរចេញ ពីស្រុកកោះញែក ដឹកឈើប្រណីត ចេញទៅស្រុកយួនតាមច្រកដាក់ដាំ ចាប់ពី ៦០ទៅ១០០ គ្រឿង ប្រើពេលវេលា តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង ៤ទៀបភ្លឺ ហើយក្បួនរថយន្តទាំងនោះ ក៏មានសមត្ថកិច្ច ដែលទទួលបានផលប្រយោជន៍ ពីមេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា បើករថយន្តបិទគូទ មិនឲ្យសមត្ថកិច្ច ឬមន្ត្រីជំនាញ ចូលទៅក្បែរនោះទេ។ ប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍ច្បាស់នឹងភ្នែករិះគន់ថា ក្បួនទ្បានដឹកឈើប្រណីតទាំងនោះ បើកបរក្នុងល្បឿនលឿនដូចព្យុះ មិនគិតពីអ្នកដំណើរ តាមដងផ្លូវនោះទេ ធ្វើយ៉ាងណាឲ្យតែពួកគេ ទៅដល់គោលដៅ បានទាន់ពេលវេលា និងមានសុវត្ថិភាព។
ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា ឈើប្រណីតទាំងនោះ បានមកពីការកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យចូលព្រៃទៅ កាប់ឈើតាមតំបន់អភិរក្ស តំបន់ដែនជម្រកសត្វព្រៃ និងតំបន់ព្រៃការពារ យ៉ាងវិនាសហិនហោច ហើយបច្ចុប្បន្ននេះ គេដឹងថា មេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា កំពុងបំផុសប្រជាពលរដ្ឋ ឲ្យចូលទៅកាប់ឈើប្រណីត នៅក្នុងតំបន់ឧទ្យាន ជាតិវីរៈជ័យ និងតំបន់កន្ទុយនាគ ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ យកទៅលក់នៅស្រុកយួន តាមច្រកដាក់ដាំ។ មន្ត្រីបរិស្ថានក៏បាន ឃុបឃិតបិទភ្នែក ឲ្យមេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា ធ្វើអ្វីៗតាមតែអំពើចិត្ត ហើយពេលខ្លះ ការកាប់បំផ្លាញព្រៃឈើ ធ្វើនៅជាប់នឹងច្រមុះស្នាក់ការ របស់មន្ត្រីបរិស្ថាន ក៏មិនដែលមាននរណា ហ៊ានហើបមាត់ ព្រោះមានការទំនាក់ទំនង បង់លុយជាប់ជាប្រចាំរួចហើយ។
ការដឹកជញ្ជូនឈើ ចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ របស់មេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា កំពុងផ្គើនទៅនឹង កំណែទម្រង់ស៊ីជម្រៅ និងបទបញ្ជារបស់សម្តេចលោក ហ៊ុន សែន គេមិនដែលឃើញ កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ចាត់ចែងឲ្យមន្ត្រីក្រោមឱវាទ បង្ក្រាបឲ្យមានប្រសិទ្ធភាព ម្តងណាទ្បើយ។ ពោលគឺក្នុងអំណាច ជានាយខណ្ឌព្រៃឈើ លោក កែប កត់ មិនដែលបង្ហាញស្នាដៃអ្វី ជាដុំកំភួននោះទេ ហើយមានការពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយអំពើពុករលួយ ក្នុងការឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញធំៗ រកស៊ីដឹកជញ្ជូនឈើ តាមតែអំពើចិត្ត។ ដោយទ្បែក ឈួន សេរីវឌ្ឍន៍ ជានាយផ្នែក រដ្ឋបាលព្រៃឈើកោះញែក ជាអ្នកទទួលបន្ទុកតំបន់នោះ មិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មាន ពីមេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា និងលោក ហ៊ុន ជា នោះទេ ទើបរក្សាភាពស្ងៀមស្ងាត់ មិនដែលហើបមាត់ ពីភាពអនាធិតេយ្យ ក្នុងការបំផ្លាញព្រៃឈើ ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហេតុនេះល្មមដល់ពេល ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ផងដែរ៕
Source from: watphnom-news.com