នៅទីបំផុតមេបញ្ជាការកងទ័ពជើងគោកថៃ ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចាំផ្ទះ បានសម្រេច

ក្រុងបាងកក ៖ នៅទីបំផុតមេបញ្ជាការ កងទ័ពជើងគោកថៃ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ បានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលចាំផ្ទះ តែរយៈពេល ៣ថ្ងៃ ក្រោយពីការដាក់ប្រទេស នៅក្រោមច្បាប់អាជ្ញាសឹក និងបន្ទាប់ពីទម្លាក់ លោកស្រី យីងឡាក់ ចេញពីតំណែង ហើយគណៈរដ្ឋមន្ត្រីចាំផ្ទះ ចំនួន ១៨រូប ត្រូវបានកោះហៅ ឲ្យទៅបង្ហាញមុខនៅទីបញ្ជាការ យោធាផងដែរ។
មុខឈានដល់ការ ប្រកាសធ្វើរដ្ឋប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ លោក ប្រាយុទ្ធ ចាន់អូឆា បាន ប្រកាសដាក់ប្រទេស ឲ្យស្ថិតនៅក្រោមច្បាប់ អាជ្ញាសឹក ក្រោយពីវិបត្តិនយោបាយ នៅក្នុងប្រទេស បានជាប់គាំងអស់ ជាច្រើនខែមកនោះ។ ការប្រកាសដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក រហូតឈានដល់ ការធ្វើរដ្ឋប្រហារនេះ បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានប្រកាសទម្លាក់លោកស្រី យីងឡាក់ ចេញពីតំណែងនាយករដ្ឋមន្ត្រី។
លោក ប្រាយុទ្ធ ចាន់អូឆា ដឹកនាំមេបញ្ជាការគ្រប់ស្ថាប័ន នៃកងកម្លាំងប្រដាប់អាវុធ ថ្លែងតាមទូរទស្សន៍ថា ការធ្វើរដ្ឋប្រហារ ដោយសារស្ថានការណ៍ មានភាពអសន្តិសុខ អាចឈានទៅរកការបង្ហូរឈាម ដែលបង្កផលប៉ះពាល់ ដល់សន្តិសុខជាតិ និងសុវត្ថិភាពជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងដើម្បីរក្សា សណ្តាប់ធ្នាប់ប្រទេស ឲ្យត្រឡប់ទៅរកភាពប្រក្រតី លឿនបំផុត និងបង្កើតឲ្យមានការផ្សះផ្សារ និងសាមគ្គីជាតិ រហូតដល់មានការ កំណែទម្រង់នយោបាយ សេដ្ឋកិច្ច សង្គម និងផ្សេងៗទៀត ដែលគ្រប់ភាគី អាចទទួលយកបាន៕
Source from: watphnom-news.com