ប្រើវិធានការញុះញង់ បង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀនតាមផ្លូវ បានចំនួន ២នាក់

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀង បានចាប់ឃាត់ខ្លួនបុរស ២នាក់ ដកហូតថ្នាំញៀនយ៉ាម៉ាចំនួន ៣១៨គ្រាប់ និងសម្ភារៈមួយចំនួនទៀត ជាបន្តបន្ទាប់ ពេលជនសង្ស័យយកថ្នាំញៀន ទៅលក់តាមផ្លូវ កាលពីវេលាម៉ោង ១១ដល់ម៉ោង ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិ កំពង់ចំលងក្រោម ឃុំតាក្រី ស្រុកកំរៀង។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀង បានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានប្រើវិធានការញុះញង់ ទិញថ្នាំញៀនពីជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ មិន ផន អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួននៅម៉ោង ១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិ កំពង់ចំលងក្រោម ឃុំតាក្រី ស្រុកកំរៀង ដកហូតបានថ្នាំញៀន យ៉ាម៉ាចំនួន ៣១៨ គ្រាប់ទូរស័ព្ទ ១គ្រឿង ខ្សែកកាឡៃ១ខ្សែម៉ូតូ ១គ្រឿង។
បុរសសង្ស័យទី២-ឈ្មោះ ស្រេង ឆាយពៅ អាយុ ៣៩ឆ្នាំ ឃាត់ខ្លួននៅចំការ កាលពីវេលាម៉ោង ១រសៀលថ្ងៃដដែល មានទីលំនៅក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ដកហូតបានម៉ូតូ ១គ្រឿង ។ បុរសសង្ស័យឈ្មោះ មិន ផន បានសារភាពថា ថ្នាំញៀនយ៉ាម៉ា ចំនួន ៣១៨គ្រាប់ ខ្លួនបានទិញពីឈ្មោះ ស្រេង ឆាយពៅ មានទីលំនៅ ភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង។ក្រោយមកពីសមត្ថកិច្ច បានដាក់វិធានការ កម្ម៉ង់ទិញថ្នាំញៀន ពីឈ្មោះ ស្រេង ឆាយពៅ ចំនួន៥ ០គ្រាប់ទៀត។ ពេលមកដល់កន្លែងណាត់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែឆែកឆេរលើខ្លួនបុរសសង្ស័យ មិនឃើញថ្នាំញៀនឡើយ៕
Source from: watphnom-news.com