ឃ្លានបាយខ្លាំងពេកច្រឡំយកប្រេងសាំង មកបង្កាត់ភ្លើងដាំបាយ ឆាបឆេះរលួយពេញខ្លួន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមាន ជម្ងឺសរសៃប្រសាទប្រចាំកាយ ច្រឡំយកប្រេងសាំងទៅបង្កាត់ភ្លើងដាំបាយ ធ្វើឲ្យឆេះរលេះរលួយពេញខ្លួន និងឆេះផ្ទះឈើអស់មួយចំហៀង កាលពីវេលាម៉ោង ៥និង២០ នាទីល្ងាចថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៤ នៅភូមិចុងអង្ករ ឃុំពេជ្រសា ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយដោយសារ ស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះ មកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ព្រះកុសុមៈ។
ជនរងគ្រោះមានឈ្មោះ ម៉ាត់ អាត ហៅទិត្យ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ស្ត្រីជាម្តាយឈ្មោះ ទូច ញ៉ អាយុ ៥៤ឆ្នាំ ជាអ្នកមើលកូនឲ្យគេ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឲ្យដឹងថា គាត់មានកូន ៣នាក់ ស្រី ២នាក់ និង ប្រុសម្នាក់ ជាកូនទី ២ក្នុងគ្រួសារ ។ មុនពេលកើតហេតុ ផ្ទះរបស់គាត់បានទិញប្រេង មួយប៊ីដុងប្រមាណ ៥លីត្រ ទុកយកទៅបូមទឹកដាក់ស្រែ ស្រាប់តែកូនប្រុសរបស់គាត់ ដែលមានជម្ងឺសរសៃប្រសាទ តាំងពីតូចនៅចាំផ្ទះ ដល់ម៉ោងឃ្លានបាយ បានទៅបង្កាត់ភ្លើងដាំបាយ។
ដោយជនរងគ្រោះបានយក ប៊ីដុងប្រេងសាំង ស្មានតែជាប្រេងកាត យកទៅចាក់បង្កាត់ភ្លើង ធ្វើឲ្យឆាបឆេះពេញខ្លួនប្រាណ រលាករលួយ និងឆេះផ្ទះឈើប្រក់សង្ក័សី មានទំហំ ៧គុណ៦ ម៉ែត្រត្រូវភ្លើងឆេះ អស់មួយចំហៀង ត្រូវបានប្រជាពលរដ្ឋ អ្នកជិតខាងជួយពន្លត់ ទាន់ពេលវេលា។ ជនរងគ្រោះបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ស្រុកគីរីវង់ តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅពេទ្យបង្អែក ខេត្តតាកែវ និងបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ៕
Source from: watphnom-news.com