ឌុបគ្នាចេញពីក្លិបត្រូវឡានទំនើប ពាក់ស្លាកលេខ ន.ប បើកបុកស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿង ឌុបគ្នាចេញពីក្លឹប ធ្វើដំណើរឆ្លងកាត់ផ្លូវ ក៏ត្រូវរថយន្ត ម៉ាកលុច្សស៊ីស បើកក្នុងល្បឿនលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១២និង១៥ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ ប្រេងឥន្ទៈតូតាល់ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មុនពេលកើតហេតុ គេបានឃើញយុវជន ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-4749 ឌុបគ្នាចេញពីក្លឹប រាំកំសាន្ត បំណងត្រឡប់ទៅផ្ទះ ដោយជិះធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុង ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលដែល រថយន្តម៉ាកលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល កំពុងធ្វើដំណើរ តាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកយុវជន ៣នាក់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង កើត ហេតុនិង ២នាក់ ទៀតរងរបួសបាក់ដៃបាក់ជើង។
ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួន តាមបណ្ដោយផ្លូវសហពន្ទរុស្ស៊ី លុះដល់ ចំណុចផ្លូវកម្ពុជាក្រោម ស្រាប់តែបាត់ស្រមោលតែម្តង។ ចំណែកសពជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅតម្កល់ នៅវត្តពោធិ៍ចិនតុង រងចាំក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ដោយសារជនរងគ្រោះទាំង ៣នាក់ គ្នាអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួននោះទេ៕
Source from: watphnom-news.com