កម្មករសំណង់ត្រូវចរន្តភ្លើងម៉ូទ័រស្វាន ឆក់ស្លាប់គួរឲ្យសង្វេគ មេជាងជួយលុយធ្វើបុណ្យ

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវចរន្តភ្លើងម៉ូទ័រស្វាន ឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិដីឥដ្ឋ កោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៤ ហើយករណីនេះមិនមានការប្តឹងផ្តល់អ្វីទេ ព្រោះជាឧប្បត្តិហេតុ ហើយមេជាង និងម្ចាស់សំណង់ ក៏បានជួយលុយកាក់ សម្រាប់ធ្វើបុណ្យផងដែរ។
ជនរងគ្រោះមានឈ្មោះ ឈុន សារ៉ាន់ អាយុ ២១ឆ្នាំ មានទីលំនៅនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ ជនរងគ្រោះ និងមេជាងឈ្មោះ ស៊ុំ ប៊ុនធឿន បានធ្វើការជាមួយគ្នា ដោយកាន់ម៉ូទ័រស្វាន ហើយឡើងជណ្តើរ ស្វានចោះពិដានថ្ម ដើម្បីដាក់អំពូលភ្លើង ខណ:កំពុងស្វាននោះ ស្រាប់ជនរងគ្រោះប្រកាច់ ធ្លាក់ពីលើជណ្តើរមកដី ទើបដឹងថា ជនរងគ្រោះឆក់ភ្លើង ចេញពីម៉ូទ័រស្វាន។
ភ្លាមៗនោះមេជាង បានធ្វើចលនា ដើម្បីសង្គ្រោះជីវិត និងបាននាំជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ផងដែរ ប៉ុន្តែអកុសលជនរងគ្រោះ ទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា បានផុតដង្ហើមស្លាប់ តាមផ្លូវបាត់ទៅហើយ។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសព រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិឃុំកើតហេតុ ក្រោមការជួយជ្រោមជ្រែង និងឧបត្ថម្ភពីម្ចាស់សំណង់ និងមេជាងផងដែរ៕
Source from: watphnom-news.com
No comments:
Post a Comment